ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពាវនាវដល់មន្រ្តីជួរមុខប្រឆាំងកូវីដ-១៩ និងព្រះសង្ឃបន្តជួយផ្សព្វផ្សាយបង្ការបញ្ហាគ្រឿងញៀន។ ការអំពាវនាវបែបនេះ ខណៈដែលលោកអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងក្រសួង-ស្ថាប័នជាអនុប្រធាន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម លោកជំទាវ ជាតំណាងស្ថាប័ន អង្គភាពអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មការផ្សព្វផ្សាយអប់រំ នៃគណ:កម្មការចម្រុះនិងលេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងសង្គមកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល និងព្រះសង្ឃ ដែលជាសកម្មជនជួរមុខក្នុងការផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ សូមបន្តយកចិត្តទុកដាក់បញ្រ្ជាបខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានសកម្មថែមទៀត ដេីម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ និងបញ្ហាគ្រឿងញៀនចូលទៅក្នុងសហគមន៍។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ក៏បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត ដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ បន្ទាប់ពីពិនិត្យឃើញថា អ្នកបើកបរទាំងនោះមានសារធាតុញៀនគ្រឿងញៀន រហូតដល់២៥ ទៅ៣០ភាគរយក្នុងរយៈពេល០៦ខែ ដើមឆ្នាំនេះ គឺមានអ្នកបើកបររថយន្ត រហូតដល់ជាង ២,០០០នាក់ ហើយក្នុងនោះប្រហែលជិត៧០០នាក់ ពិនិត្យឃើញនូវសារធាតុញៀន ។
ជាមួយនេះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំតាមផេកថ្នាក់ដឹកនាំបោះពុម្ពឯកសារផ្សព្វផ្សាយ អង្គភាពពាក់ព័ន្ធនៅមូលដ្ឋានត្រូវចុះអង្កេត អប់រំ ដល់គោលដៅងាយរងគ្រោះ ធ្វើកាតបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្ម រោងចក្រ ពង្រឹងប្រសិទ្ធភាពការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលសុខភាពឃុំសង្កាត់ទាំង៣៥០កន្លែង បង្កើតក្រុមការងារសម្របសម្រួលអ្នកញៀនគ្រឿងញៀនទៅទទួលយកសេវាព្យាបាល និងពង្រឹងយន្តការភូមិ ឃុំ សង្កាត់សគ្មានគ្រឿងញៀននៅតាមព្រំដែន៕