អ្នកកាសែត ៣២​អង្គភាពប្តឹង​ចៅហ្វាយ ខេត្ត​រតនគិរីពីបទ​គំរាម​អាយុជីវិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2015 ក+ ក-

​រតនគិរី​ : ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រង​បណ្តឹង​ពី​ក្រុម​អ្នក យកព័ត៌មាន​ក្នុង​ខេត្តរតនគិរីចំនួន ៣២​អង្គភាព បាន​ផ្តិតមេដៃ​ប្តឹងទៅ​ក្រុម ប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា និង ក្លឹប​អ្នកកាសែត​កម្ពុជា ពីបទ​គំរាម កំហែង​អាយុជីវិត ក្រុមគ្រួសារ​អ្នកកាសែត និង​បិទ​សិទ្ធិសេរីភាព​អ្នកសារ ព័ត៌មាន​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​រាយការណ៍​ថា បណ្តឹង​ចោទប្រកាន់​លោក​អភិបាលខេត្ត​រតនគិរី​រូបនេះ បាន​កើតឡើង​បន្ទាប់ពី​អ្នកយកព័ត៌ មាន​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ប្រចាំខេត្ត​រតនគិរី លោក សុខ គឹម​សន កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ត្រូវបាន​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ផ្ញើ​សារ​តាម​ប្រព័ន្ធ Line ទៅ​រិះគន់​រូបលោក​ពាក់ព័ន្ធ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​ប្រភព​បន្តថា ក្នុង​សារ​នោះដែរ លោក ថង សាវុន បាន​សរសេរ​ពី​សកម្ម ភាព​របស់​អ្នកកាសែតដែល​ធ្វើ​ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួនដូចជា ប្រមូលផ្តុំគ្នា​នៅតាម​ដងផ្លូវ ដេញ​ប្រមាញ់​ម៉ូតូ និង​រថយន្ត​ដឹកឈើ ហើយ​មួយចំនួនទៀត អង្គុយ​នៅតាម​ហាង​កាហ្វេដើម្បី​ប្រមាញ់​អ្នកប្រព្រឹត្ត​ល្មើសដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ជាដើម​។​

សារ​លោក ថង សាវុន ​បន្តថា បើ​តាំង​ចិត្តជា​អ្នកសារព័ត៌មាន ត្រូវធ្វើ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ឈរលើ​ការទទួលខុសត្រូវ​ក្នុងការ​បញ្ចេញ​ព័ត៌មាន ដែល​ការផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​វាសនា​អ្នកដទៃ ដែល​ទាំងនោះ​ធ្វើ​ឲ្យ​សារព័ត៌មាន​ឃ្លាតឆ្ងាយ​ពី​សង្គម ហើយ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់ គឺ​ប្រពន្ធ និង​កូនៗ​របស់ខ្លួន​។​លោក​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន ធ្វើអំពើ​ខុសច្បាប់​សម្រាប់​ក្រពះ យក​ស្លាក​អ្នកកាសែត​ធ្វើ​អីចឹង​តទៅទៀត​ទេ​។​

ប្រភព​បន្តទៀតថា ក្រោយពី​បានទទួល​សារ​របស់ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ដូច​បាន​រៀបរាប់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ​២០១៥​កន្លងទៅ ក្រុមអ្នកកាសែត និង​ទូរទស្សន៍​មួយចំនួន​ក្នុង​ខេត្ត​នេះ បាន​ប្រមូល​ផ្តុំគ្នា​ផ្តិតមេដៃ​ប្តឹង​លោក​អភិបាលខេត្ត ទៅ​ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​រូបនេះ​ដែល​ចាត់ទុក​អ្នកកាសែត​ជា​ឆ្អឹង​ទទឹង ក ខុសប្លែក​ពី​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែល​ចាត់ទុក​អ្នកកាសែត​ជា​ដៃគូ​យ៉ាងសំខាន់ ​ក្នុងការ​ផ្តល់ព័ត៌មាន​ពី សកម្ម​ភាពអវិជ្ជមាន​ក្នុង​អាណាចក្រ​របស់ខ្លួន​គ្រប់គ្រង ​ដែល​មន្ត្រីខិលខូច​ក្រោម​ឳវាទ​មួយចំនួនលួច​បិទបាំង​៕​ដោយ​៖ឡុង សារ៉េត​

njhnnn