ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ចំនួន៦១នាក់ថែមទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦១ករណីបន្ថែមទៀត នៅក្នុងពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ដែលជាករណីឆ្លងខ្ពស់មិនធ្លាប់ជួបប្រទះ ជាច្រើនសប្តាហ៍មកហើយ។ នេះបើតាមសារព័ត៌មាន CNA។

គណៈកម្មការសុខាភិបាលចិនបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗនេះ ៤១ករណី ត្រូវបានរាយការណ៍នៅតំបន់ស្វយ័តស៊ីនជាំង ១៤ករណីនៅខេត្តលាវនីង (Liaoning) និង ០២ករណីនៅខេត្ត ជីលីន (Jilin) ចំណែកឯ ០៤ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស ហើយក្នុងចំណោមករណីឆ្លងថ្មីៗ ៦១នាក់ខាងលើនេះ ៤៤នាក់មិនមានរោគសញ្ញានោះទេ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសចិនមានករណីឆ្លង COVID-19 សរុបកើនដល់ ៨៣,៨៩១ករណីក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ និងជាង ៧៨,៩០០នាក់ជាសះស្បើយ៕