ញូដេលី ៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានចេញផ្សាយទិន្នន័យចុងក្រោយ ដោយបង្ហាញថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ៤៩,៩៣១ករណី ដែលចំនួនករណីឆ្លងច្រើនបំផុត មិនធ្លាប់មានក្នុងមួយថ្ងៃ និងអ្នកជំងឺ ៧០៨នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
អាជ្ញាធរសុខាភិបាលឥណ្ឌាបានថ្លែងថា តាមរយៈទិន្នន័យចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់១,៤៣៥,៤៥៣ ករណីក្នុងនោះអ្នកជំងឺសរុប ៣២,៧៧១នាក់បានស្លាប់។ ដោយឡែកមនុស្ស ៩១៧,៥៦៨នាក់បានជាសះស្បើយឡើងវិញ ធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ៤៨៥,១១៤នាក់។
សូមជម្រាបថា ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ថា ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួន ១៦,៨០៦,៨០៣ នាក់ក្នុងនោះ សំណាកពីមនុស្សចំនួន ៥១៥,៤៧២នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃអាទិត្យម្សិលមិញនេះប៉ុណ្ណោះ៕