ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៩ ខែកក្កដាស្អែកនេះហើយ នៅពហុកីឡដ្ឋានជាតិ រវាងក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ និងក្រុមជម្រើសខេត្តព្រៃវែង។ដូច្នេះចាំមើលតើត្បូងឃ្មុំ ឬព្រៃវែង នឹងក្លាយជាជើងឯកពានថ្នាក់ខេត្តឆ្នាំនេះ?
ចំណែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមជម្រើសខេត្តសៀមរាប ដែលជើងឯករងឆ្នាំចាស់ ជាមួយក្រុមជម្រើសខេត្តកែបនាវេលាម៉ោង ៣រសៀលស្អែកនេះនៅពហុកីឡដ្ឋានជាតិផងដែរ។
សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រុមទាំង ៤ ខាងលើ នឹងបន្ដបេសកកម្មកាន់តែធំទៀត គឺការត្រៀមចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្លិប ដែលគ្រោងរៀបចំពិធីចាប់ឆ្នោតបែងចែកគូប្រកួត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ៕