ភ្នំពេញ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២១។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ដែលបានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាព ពីការគម្រាមកំហែងដោយសារមីនបានប្រមាណ ២៤៥ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១ លាននាក់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូដ៏រឹងមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕