កូរ៉េខាងជើងបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោយរកឃើញករណីសង្ស័យដំបូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2020 ក+ ក-

ព្យុងយ៉ាង ៖ កូរ៉េខាងជើងកាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីមានករណីសង្ស័យដំបូងបំផុត កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមទីភ្នាក់ងារសរព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ឲ្យដឹងថា វិធានការធ្វើចត្តាឡីស័ក និងការត្រួតពិនិត្យទ្រង់ទ្រាយធំនៅតាមតំបន់នានា កំពុងដាក់ឲ្យដំណើរការ យ៉ាងសកម្ម ខណៈឧបករណ៍ធ្វើតេស្ត, សម្លៀកបំពាក់ការពារ និងឧបករណ៍វេជ្ជសាស្ត្រ ក៏ត្រូវបានផ្គត់ផ្គង់ទៅកាន់តំបន់នានាផងដែរ។

អាជ្ញាធរកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបិទទីក្រុង Kaesong ស្ថិតនៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោម ហេតុផលថា ករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 ត្រូវបានរកឃើញនៅលើជននិរទេសម្នាក់ ដែលទើបមកពីកូរ៉េខាងត្បូង ដោយឆ្លងព្រំដែនខុសច្បាប់មកកាន់ កូរ៉េខាងជើង តាមទីក្រុងមួយនេះ។

ជុំវិញករណីសង្ស័យនេះ ត្រូវបានអ្នកអង្កេតការណ៍ បង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញស្ថានការណ៍ COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង ដ្បិតប្រព័ន្ធថែទាំសុខភាព របស់ប្រទេសឯកោមួយនេះ គឺមានភាពទន់ខ្សោយបំផុត ខ្វះទាំងអគ្គិសនីប្រើប្រាស់ ខ្វះមន្ទីរពេទ្យ ខ្វះថ្នាំសង្កូវ និងផ្សេងៗទៅទៀត។ ទោះជាយ៉ាងណា បើយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO គិតត្រឹមថ្ងៃទី១៦ ខែកក្កដានេះ កូរ៉េខាងជើងបានធ្វើតេស្តរក COVID-19 លើមនុស្សចំនួន ១,២១១នាក់ ហើយជា លទ្ធផលគឺ «អវិជ្ជមាន» ទាំងអស់៕