គូឡាឡាំពួរ ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការប្រកាសកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់៤៩.៣៨លានដុល្លារអាមេរិក ពីបទប្រព្រឹត្តិអំពើពុករលួយលុយរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន CNA។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តទោសកំហុសជុំវិញការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។
ចៅក្រមតុលាការជាន់ខ្ពស់ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បានរកឃើញថាលោក ណាជីប មានអាយុ៦៧ឆ្នាំ បានប្រព្រឹត្តទោសកំហុសក្នុងនោះរួមមាន ល្មើសអំណាចមួយបទចោទ, រំលោភលើសេចក្ដីទុកចិត្ត៣បទចោទ, និងលាងលុយកខ្វក់៣បទចោទ ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលនិធិរដ្ឋ 1MDB ក្នុងទំហំទឹកប្រាក់ ១៣.៦លានដុល្លារ។
សូមជម្រាបថា លោក ណាជីប រ៉ាហ្សាក់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕