ថ្ងៃនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បានជាសះស្បើយ និងមានករណីថ្មី ១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ១នាក់ថែមទៀត និងមានករណីជាសះស្បើយចំនួន ៨នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០៕