ខេត្តកណ្ដាល ៖ អភិបាលខេត្តកណ្ដាលកាលពីម្សិលមិញបានឱ្យដឹងថា រោងចក្រផលិតអគ្គិសនី នៅស្រុកល្វាឯម ខេត្តកណ្ដាល មានសមត្ថភាពផ្គត់ផ្គង់ថាមពល ៤០០មេហ្គាវ៉ាត់ ដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស លើផ្ទៃដី៤៣ហិកតា មានអនុភាពបំពេញបន្ថែមសម្រាប់ការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស និងមានអនុស្ថានីយ១កន្លែង អនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូលបានសម្រេចការសាងសង់បាន៩០%ហើយ ហើយក៏គ្រោងនឹងដាក់ឱ្យដំណើការនៅចុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងបែបនេះក្នុងឱកាសដែលលោក រួមជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ចុះចំពេញដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការសាងសង់រោងចក្រអគ្គិសនីអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ។
លោក កែវ រតនៈ បានថ្លែងថា ដែរថា សមិទ្ធផលដ៏ធំធេងដែលបានផុសឡើងនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់ រោងចក្រអគ្គិសនីនេះឡើង។
លោក កែវ រតនៈ បានបន្តថា ថាមពលអគ្គិសនី ពិតជាមានសារបនរយោជន៍ខ្លាំងណាស់ ក្នុងការជួយបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចំរើន ដែលមិនអាចខ្វះបានឡើយ ខណៈដែលក្រោយពេលរោងចក្រអគ្គិសនីដ៏ធំ និងថ្មីសន្លាងនេះបានដំណើរការ យើងនឹងមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ តាមតម្រូវការ៕