ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ជាង១០០នាក់ថែមទៀត
ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន១០៥ករណីបន្ថែម។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។
គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១០៥ករណីខាងលើនេះ ៩៦ករណីស្ថិតនៅតំបន់ស្វយ័តស៊ីជាំង (Xinjiang) ភាគពាយ័ព្យប្រទេស, ០៥ករណីនៅខេត្តលាវនីង (Liaoning) និងមួយករណីនៅប៉េកាំង ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨៤,១៦៥ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង ៧៨,៩៥៧នាក់៕