ភ្នំពេញ ៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ហើយបង្កការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំងនោះ ឥឡូវនេះត្រូវបានមន្ត្រីជំនាញសុខាភិបាលអះអាងថា ស្ត្រីរូបនោះមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។
តាមសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់សំដីរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មកចុះផ្សាយនៅថ្ងៃនេះដោយលោកបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃ ហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។ លោកអភិបាលខេត្ត បានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ៕