តុលាការ​កោះហៅ ប៉ែន ចំ​រ៉ុង ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​កញ្ញា ភិន សុ​ដា​លី​ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2015 ក+ ក-

​ភ្នំពេញ​៖​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កោះ ហៅ​តាម​ទូរស័ព្ទ ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​ឪពុក​កញ្ញា ភិន សុ​ដា​លី​ស ពាក់ព័ន្ធ​ទៅនឹង​ការបាត់​ខ្លួន​របស់​តារា​សម្តែង ភិន សុ​ដា​លិ​ស ដែល​ឪពុក​របស់​នាង​បាន​ចោទប្រកាន់​ទៅលើ​លោក ប៉ែន ចំ​រ៉ុង​។​

សូមជម្រាបថា ការបាត់​ខ្លួន​របស់​តារា​សម្តែង ភិន សុ​ដា​លិ​ស កូនស្រី​បង្កើត​របស់​ចាងហ្វាង​ផលិតកម្ម​មហាហង្ស ដែល​ត្រូវ​ឪពុក​របស់​នាង​បាន​ចោទប្រកាន់​ទៅលើ​តារា​សម្តែង លោក ប៉ែន ចំ​រ៉ុង ដែល​ពេលនេះ​បាន​ឈានទៅដល់​ដំណាក់កាល​តុលាការ​កោះហៅ លោក ប៉ែន ចំ​រ៉ុង ទៅ​សាកសួរ តាម​បណ្តឹង​របស់ លោក អ៊ិន សុ​ភិន ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការកោះហៅ លោក ប៉ែន ចំ​រ៉ុង តាម​ទូរស័ព្ទ​។​

បើទោះបីជា​មិន​ឃ្លាតឆ្ងាយ​ពី​នីតិវិធី​ក្តី​ប៉ុន្តែ​ធ្វើ​ឲ្យ​គេ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ការបញ្ជូន​ដីកាកោះ​មិនអាច​ទៅដល់​ដៃ​លោក ប៉ែន ចំ​រ៉ុង ឬ​បណ្តាលមកពី​លោក ចំ​រ៉ុង សំងំ​លាក់ខ្លួន​រក​មិនឃើញ​។​

​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស ដែល​ត្រូវជា​ឳ​ពុក​បង្កើត​របស់​តារា​សម្តែង កញ្ញា ភិន សុ​ដា​លី​ស បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា អ្វីដែល​លោក​ចង់បាន​នាពេលនេះ គឺ​ចង់​ឲ្យ ប៉ែន ចំ​រ៉ុង ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ពាក់ព័ន្ធ​រឿង​សម្ព័ន្ធ ភាព​ស្នេហា​ជាមួយ​កូនស្រី​របស់លោក​តាម​នី​តី​វី​ធី​តុលាការ​។

ម្យ៉ាងទៀត​ចង់​ឲ្យ​គាត់​(​ប៉ែន ចំ​រ៉ុង )​ចូលទៅ​បកស្រាយ​ជុំវិញ​ការបាត់​ខ្លួន​របស់​កូនស្រី​លោក​កញ្ញា ភិន សុ​ដា​លិ​ស ឲ្យ​ច្បាស់លាស់​។​

​លោក​ចាងហ្វាង​ផលិតកម្ម​រូបនេះ​បានបញ្ជាក់​ទៀតថា លោក​មិនបាន​ចោទ​លើ​លោក ប៉ែន ចំ​រ៉ុង ទេ តែ​ចង់បាន​ការបកស្រាយ​ជាក់លាក់​មួយ​ចំពោះ​បញ្ហា​នេះ ប្រសិនបើ ចំ​រ៉ុង ពិតជា​គ្មាន​ជាប់​ពាក់ព័ន្ធ​រឿង​បាត់​ខ្លួន​កូនស្រី​លោក​មែន​នោះ គួរតែ​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​។​

​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ មេគង្គ​ប៉ុស្តិ៍ នៅ​មិនទាន់​ទាក់ទង​សុំ​ការ បំភ្លឺ​ពី​លោក ប៉ែន ចំ​រ៉ុង បាន​នោះឡើយ​ទេ​កាលពី​រសៀល​ថ្ងៃទី ៣ ខែកញ្ញា នេះ​។​

តាមប្រភពព័ត៌មានបានឲ្យដឹងថា​​ កញ្ញា ភិន សុ​ដា​លិ​ស ចាប់តាំងពី​នាង​ចេញបាត់ពី​ផ្ទះ​មកទល់ពេលនេះ​នៅ​មិនទាន់​ទាក់ទង ឬ​ផ្តល់ដំណឹង​ណា មួយ​ជាក់លាក់មកដល់​គ្រួសារ​ទេ​ ដែលជា​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់ ក្រុមគ្រួសាររបស់នាង៕​ដោយ​៖រដ្ឋា

bhghbb