ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកជប៉ុន គ្រោងចូលចតនៅខេត្តព្រះសីហនុ នាខែសីហាខាងមុខនេះ ប៉ុន្តែអាក់ខានវិញមិនបានចូលចត ដោយសារតែបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាល ដាលខ្លាំងក្នុងពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពី ថ្ងទី៣០ ខែកក្កដា ឆ្នាំ២០២០។
ទោះជាយ៉ាងណា លោកឯកអគ្គរាជទូតរំពឹងថា នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ លោកក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។
គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នាវាកងទ័ពជើងទឹកជប៉ុនចំនួន ២គ្រឿង ឈ្មោះ Setoyuki និង Shimayuki បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់នាវាជប៉ុនចំនួន ២គ្រឿងនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្ដភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរផេ្សងៗ ក៏ដូចជាដើម្បីផ្ដល់ឱកាសឲ្យនាយនាវិកកម្មសិក្សាការីចំនួន ១០៩រូប ដែលទើបបានបពា្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធានៅកម្ពុជា៕