ភ្នំពេញ៖បន្ទាប់ពីមានការផ្ទៀងផ្ទាត់ផែនទីជាលើកទី២ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលប្រកាសបិទផ្លូវតវ៉ា និងស្នើឲ្យគណបក្សនយោ បាយ ឈប់យករឿងព្រំដែនទៅឃោសនា ដោយអះអាងថា គ្មានផែនទីណា ផ្លូវការជាងផែនទីដែលបារាំងឲ្យខ្ចីនេះទេ។
តាមប្រភពព័ត៌មានពី វីអូដេ បានសរសេរនៅថ្ងៃនេះថា ក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនចប់ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថ្លែងថា ផែនទីដែលបារាំងឲ្យកម្ពុជាខ្ចី គឺដូចគ្នាស្ទើរទាំងស្រុងទៅនឹងផែនរបស់រដ្ឋាភិបាលដែលប្រើប្រាស់ កន្លងមក។ លោក បានបិទកម្មវិធីដោយមិនឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង និងអ្នកសារព័ត៌មានសួរនាំពីបញ្ហានេះទៀតឡើយ ដោយលោកលើកឡើងថា៖ “ខ្ញុំយល់ថា បញ្ហាព្រំដែន បញ្ហាផែនទី គួរតែបញ្ចប់ត្រឹមប៉ុននេះ កុំឲ្យបក្សនយោបាយយកបញ្ហានេះ ទៅធ្វើយុទ្ធនាការញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាល”។
លោក ហោ ណាំហុង បន្ថែមថា កន្លងទៅរដ្ឋាភិបាលមិនត្រឹមតែប្រើផែនទីខ្នាត១/១០០ ០០០ នេះទេ ថែមទាំងប្រើយន្តការអន្តរជាតិ និងការប្រើ ប្រាស់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងបោះបង្គោលព្រំដែនជាមួយវៀត ណាម។
ប្រធានក្រុមដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចូលស្តាប់ ការផ្ទៀងផ្ទាត់ផែនទី លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅវិមានសន្តិភាពថា លោកពុំទាន់ប្រកាសជំហរយ៉ាងណានៅឡើយទេ ដោយអះអាងថា គណបក្សសង្គ្រោះជាតិនាពេលនេះ កំពុងប្រមូលឯកសារដើម្បីយកទៅធ្វើការផ្ទៀងផ្ទាត់។ លោកថា៖ “យើង មិនអាចមកអង្គុយមើលអ៊ីចឹងហើយ យើងទទួលស្គាល់[ផែនទីត្រឹមត្រូវហើយ មិនអាចធ្វើអ៊ីចឹងបានទេ។ អ៊ីចឹងហើយបានខ្ញុំលើកដៃជាសំណួរ យើងមានសំណួរមួយ និងសំនូមពរមួយទៅខាងរដ្ឋាភិបាល។ ទី១ ចង់សួរបញ្ជាក់ តើផែនទីបោនខ្នាត១/១០០ ០០០ ដែលបង្ហាញធ្វើការផ្ទៀងផ្ទាត់ហ្នឹង ជាផែនទីដែលយកទៅវាស់ជាក់ស្តែងនៅលើផែនដីដែរឬទេ អាហ្នឹងដែលយើងខ្ញុំចង់សួរ ហើយជាសំនូមពររបស់គណបក្សសង្គ្រោះជាតិ សុំថតចំលង[ផែនទី]ច្បាប់ទាំងពីរហ្នឹង ដែលរដ្ឋាភិបាលប្រើប្រាស់ យកទៅវាស់វែងជាក់ស្តែងជាមួយផែនទីដែលបារាំងឲ្យខ្ចី ឬឲ្យមករដ្ឋាភិបាលហ្នឹង យើងចង់យកទៅផ្ទៀងផ្ទាត់ដោយឡែក”។
វីអូដេ បានបន្តទៀតថា យ៉ាងណាក៏ដោយលោក អ៊ូ ច័ន្ទឫទ្ធិ បដិសេធការដែលរដ្ឋាភិបាល ចោទគណបក្សសង្គ្រោះជាតិថា ជាអ្នកញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំង រដ្ឋាភិបាលរឿងព្រំដែននេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែបន្តយកបញ្ហាព្រំដែន និងរឿងផែនទីនេះមកពិភាក្សាដដែល ទោះបីមានការហាមពីរដ្ឋាភិបាល ដោយលោកអះអាងថា បញ្ហាទឹកដីជារបស់ជាតិ មិនមែនជារបស់បុគ្គលណាម្នាក់ទេ។
ចំណែកប្រធានក្រុមស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច អះអាងថា ក្រោយការផ្ទៀងផ្ទាត់ផែនទីនេះហើយ គឺមានតម្លៃគ្រប់គ្រាន់សម្រាប់អ្នកនយោបាយបញ្ចប់នូវភាពខ្វែងគំនិតគ្នា៖ ”ហើយយើងក៏អត់ទាន់ជឿគាត់(រដ្ឋាភិបាល)ដែរ យើងនឹងធ្វើនៅតាមតំបន់ព្រំ ដែនតទៅទៀត ដើម្បីអី? ដើម្បីឲ្យប្រជាជនកម្ពុជា អស់មន្ទិលសង្ស័យ ហើយចាប់ពីពេលនេះទៅ អ្នកណាហ៊ានយកផែនទីថាល្អជាងនេះទៀតគឺខុស ព្រោះមិនមែនផែនទីសម្តេចឪអ្នកគូរឯណា ផែនទីគឺផែនទីមរតករបស់បារាំង នៅក្នុងសម័យអាណានិគមនិយមបារាំង ដូចនេះយើងលែង មានការខ្វែងគំនិតគ្នានៅលើផែនទីទៀតហើយ”។
ប្រភពបន្តថា នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ទិប ទាវ យល់ថា ការប្រកាសបិទផ្លូវតវ៉ារឿងផែនទីព្រំដែននេះ ជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចង់ដឹងចង់ឮរឿងនេះ។
យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា ការផ្ទៀងផ្ទាត់ផែនទីចំនួនពីរលើកនេះ លោកថានៅពុំទាន់មានតម្លាភាពនោះទេ ដោយសារខ្វះអ្នកជំនាញទាំងភាគីកម្ពុជា និងបរទេស ចូលរួមការផ្ទៀងផ្ទាត់។ លោកថា៖ “ទោះជាការធ្វើបទបង្ហាញទទួល និងផ្ទៀងផ្ទាត់ផែនទីហ្នឹង មានការប្រកាសឲ្យចូលរួមពីបណ្តាភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ ប៉ុន្តែយើងឃើញថា នៅតែមានកង្វះខាតពីអ្នកឯកទេសសំខាន់ៗដែលគិតថាផែនទី ហើយនិងការបោះបង្គោលនោះ វាត្រូវរ៉ូវទៅតាមផែនទីពិតប្រដូចទៅនឹងការកំណត់នៅក្នុងផែនទី និងលើដីផ្ទាល់ហ្នឹង នៅតែមិនទាន់មានអ្នក ឯកទេសគ្រប់គ្រាន់”។
សូមជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំខ្ចីផែនទីពីអាមេរិក និងអង់គ្លេសផងដែរ ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រដ្ឋា ភិបាល ប៉ុន្តែប្រទេសទាំងពីរនោះមិនទាន់បានប្រគល់ផែនទីឲ្យកម្ពុជានៅឡើយ ។យ៉ាងនេះក្តី លោក ហោ ណាំហុង ប្រកាសថា រដ្ឋាភិបាលលែងធ្វើការផ្ទៀងផ្ទាត់ផែនទីទៀតហើយ។
តែទោះជាបែបនេះក្ដី ក៏ផែនទីចំនួន១២៦ផ្ទាំងរបស់គណៈកម្មាធិការព្រំដែនកម្ពុជានៅក្រៅប្រទេស លោក ស៊ាន ប៉េងសែ ក៏មិនទាន់បាន ធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលនៅឡើយ ៕
លោក ហោ ណាំហុង ថ្លែងក្នុងពិធីទទួលនិងផ្ទៀងផ្ទាត់ផែនទីពីបារាំង កាលពីព្រឹកមិញ នៅវិមានសន្តិភាព