ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍បានដឹកនាំការប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០ សរុបចំនួន១៥៧ ២៦៩គ្រឿង និងប្រមូលថវិកាពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២%។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីចុងខែកន្លងទៅនេះ។
តាមរបាយការណ៍នៃការអនុវត្តការងារនោះ មានរថយន្តត្រួតពិនិត្យរួមមាន ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤៦ ៤៣២គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៧គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២១១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៩២គ្រឿង
ក្នុងកិច្ចប្រជុំនោះលោករដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង ក្នុងទិសដៅការងារបន្ទាប់ ដើម្បីទប់ស្កាត់រថយន្តដែលគេចវេសមិនចូលស្ថានីយ និងបើកបរតាមផ្លូវវាងផ្សេងៗដែលមិនមានស្ថានីយជញ្ជីង។
លោកបានអនុញ្ញាតឲ្យគ្រប់ស្ថានីយទាំងអស់អាចចាប់អូសរថយន្តណាដែលបើកគេចស្ថានីយក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែតមកថ្លឹងក្នុងស្ថានីយបាន និងជំរុញឲ្យក្រុមចល័តក្រសួងចេញប្រតិបត្តិការឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកក៏បានឱ្យសិក្សា និងបង្កើតក្រុមប្រតិកម្មរហ័សសម្រាប់ឆ្លើយតប និងបន្សាបព័ត៌មានមិនពិតដែលប៉ះពាល់ ដល់ការអនុវត្តការងាររបស់មន្ត្រីជំនាញ៕