ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យការងារសណ្ដាប់ធ្នាប់ និងបរិស្ថាននៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ និងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាត។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធឲ្យសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប់ជាប្រចាំមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យមហាវិថីនៅតែរក្សាបានភាពស្អាត។
លោកអភិបាលបានលើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ ការទុកដាក់សំរាមពុំបានត្រឹមត្រូវ ដែលទាមទារអោយអាជ្ញាធរពង្រឹងការដោះស្រាយបញ្ហាប្រ ឈមទំាងអស់នេះ ដើម្បីធានាឲ្យមហាវិថីឈ្នះឈ្នះមានអនាម័យបរិស្ថានស្អាតដែលចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។ លោកបញ្ជាក់ថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើដែលត្រូវលះមែកគឺត្រូវលះមែកចេញអោយបានស្អាត ហើយចំពោះដើមឈើណាងាប់ត្រូវ គាស់ចេញរួចដាំជំនួសវិញ៕