ថ្ងៃនេះ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីជាង៥ម៉ឺននាក់ថែមទៀត
ញូដេលី ៖ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសនៅក្នុងថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ នេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥២,៩៧២ ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ៧៧១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារពត៌មានស៊ីនហួរ។
ក្រសួងបន្តថា យោងតាមទិន្នន័យចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 សរុបបានកើនដល់ ១,៨០៣,៦៩៥នាក់ហើយ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ ៣៨,១៣៥នាក់ហើយ និងមនុស្សចំនួន១,១៨៦,២០៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈដែលអ្នកជំងឺចំនួន ៥៧៩,៣៥៧នាក់កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជាមួយគ្នានោះ ប្រទេសឥណ្ឌាកំពុងបង្កើនការធ្វើតេស្តរក COVID-19 តាមរយៈសំណាកផងដែរ ដែលពេលនេះសំណាកចំនួន ២០,២០២,៨៥៨នាក់ហើយ ត្រូវបានគេធ្វើតេស្ដគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ៕