ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បូករួមជាមួយពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមការគ្រោងទុកពិធីនេះនឹងត្រូវធ្វើឡើង នាវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះលើកដំបូង គ្រោងនឹងបើកការប្រកួតនៅថ្ងៃទី០៥ ខែសីហា និងបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ហើយបន្ទាប់ពីចប់ការប្រកួតស៊ីហ្គេមជាង ១០ថ្ងៃ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ ដែលហៅថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមការប្រកួតបន្ដ ដោយគ្រោងធ្វើពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕