វៀតណាម ៖ អត្រានៃការបាត់បង់ការងាររបស់ប្រជាពលរដ្ឋវៀតណាមបានកើតឡើងយ៉ាងគំហុកអំឡុងពេលដែលស្ថានភាពរាតត្បាតកូវីដ១៩នៅប្រទេសនេះត្រូវបានគេមើលឃើញថា កាន់តែអាក្រក់ខ្លាំងឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។
សហគ្រាសប្រមាណជា ៧០% ក្នុងប្រទេសនេះ បានរងផលប៉ះពាល់ពីរលករាតត្បាតទី ២ ដែលផ្ទុះឡើងប្រមាណជាង ១សប្តាហ៍មកហើយ ហើយបើតាមការរំពឹងទុក ពលរដ្ឋវៀតណាម ចន្លោះពី ៣,៥ទៅ៥ លាននាក់ និងបាត់បង់ការងារទាំងគ្មានសំណង ឬត្រូវកាត់បន្ថយម៉ោងធ្វើការ អំឡុងត្រីមាសទី ៣ នៅឆ្នាំនេះ។
លោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា បណ្តាទីក្រុង និងខេត្តជាច្រើនទូទាំងប្រទេស សុទ្ធតែរាយការណ៍ករណីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី បង្ខំឲ្យរដ្ឋាភិបាលដាក់ចេញវិធានការគម្លាតសង្គមកាន់តែតឹងរឹង។ លោកអះអាងថា អត្រាគ្មានការងារធ្វើនៅរៀតណាម កំពុងកើនឡើងចន្លោះពី ៦០ ០០០ ទៅ ៧០ ០០០នាក់ក្នុងមួយខែៗ ហើយភាគច្រើនស្ថិតក្នុងវិស័យទេសចរណ៍សុខាភិបាល វិស័យចំណីអាហារ សំណង់ ដឹកជញ្ជូន និងវិស័យរោងចក្រ៕