តុលាការ​កំពូល​បើកសវនាកា​រ​ជម្រះ​សំណុំរឿង​លោក សយ សុភាព តាម​បណ្តឹង​លោក ទូច គង្គា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2015 ក+ ក-

ភ្នំពេញ​៖​តុលាការ​កំពូល នា​ព្រឹក​នេះ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ចំនួន​ពីរ​ដែល​បានអូសបន្លាយ​ជាច្រើន​ឆ្នាំកន្លងមក​ហើយ ​គឺ​ទី មួយ​បណ្តឹង​របស់លោក ទូច គង្គា ប្តឹង​លោក សយ សុភាព និង​ទី​ពីរ​បណ្តឹង​របស់លោក សយ សុភាព ប្តឹង​លោក រស់ សុ​ឃិត ជា​អ្នកកាសែត​ដូចគ្នា​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា នៅ​ម៉ោង​០៩:១០​ព្រឹក ថ្ងៃទី​០៤​កញ្ញា​នេះ តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​ជំនុំជម្រះ​បណ្ដឹង​របស់លោក ទូច គង្គា ប្តឹង​លោក សយ សុភាព ពីបទ​“​ប៉ះពាល់​ដល់​ការឆ្លង​ឆ្លើយ​តាម​លិខិត​”  និង​បណ្ដឹង​របស់លោក សយ សុភាព ប្តឹង​លោក រស់ សុ​ឃិត អ្នកកាសែត​ដូចគ្នា​ពីបទ “​ផ្សាយ​ព័ត៌មាន​មិន​ពិត​”​។​

​សវនាការ​នា​ព្រឺ​ក​នេះ​ដឹកនាំ​ដោយ​លោក គង់ ស្រ៊ី​ម ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ​។​

​ប្រភព​បន្តថា ព្រឹក​ម៉ិ​ញ​នេះ​លោក សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ពុំមាន​វត្តមាន​ក្នុង​សវនាការ​នេះ​ទេ តែ​លោក កៃ វិសាល មេធាវី​ការពារ​ក្តី​លោក សយ សុភាព បាន​ចូលរួម ។ ដោយឡែក លោក រស់ សុ​ឃិត និង លោក ទូច គង្គា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ម្ចាស់​កាសែត​នគរវត្ត ព្រមទាំង​មេធាវី ក៏​គ្មាន​វត្តមាន​ក្នុង ពេល​សវនាការ​នេះដែរ​។​ រីឯលទ្ធផលសវនាការយ៉ាងណានោះ នៅមិន ទាន់ដឹងនៅឡើយទេ។

គួររំលឹកថា សំណុំរឿង​ព្រហ្មទណ្ឌ​ចោទប្រកាន់​លោក សយ សុភាព ពីបទ “​ប៉ះពាល់​ដល់​ការឆ្លង​ឆ្លើយ​តាម​លិខិត​” ប្តឹង​ដោយ​លោក ទូច គង្គា ដែល​បានអូសបន្លាយ​រយៈពេល​ជិត ៥​ឆ្នាំកន្លងមក​ហើយ​នោះ មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។​ទោះបី​សំណុំ រឿងនេះ​ត្រូវបាន​តុលាការ​កាត់ក្តី​ឲ្យ​លោក សយ សុភាព ឈ្នះក្តី ដោយ​តុលា​ការលើក​បណ្តឹង​ចោទ​ជា​ច្រើនសារ​ក៏ដោយ​នោះ​។​ចំណែក​សំណុំរឿង​ប្តឹង​ចោទ​លោក រស់ សុ​ឃិត ដោយ​លោក សយ សុភាព ដែល​គេ​ដឹងថា​ជា​អតីត​សម​មិត្ត​ក្នុង​អាជីព​ព័ត៌ មាន ក៏​ត្រូវបាន​ពន្យារពេល​បើកសវនាការ​យូរ​ឆ្នាំ​ដូចគ្នា​៕​ដោយ​:​ខេមរា​

xdsxx

លោក ទូច គង្គា និង​លោក សយ សុភាព