បេរូត ៖ ចំនួនមនុស្សស្លាប់ដោយសារករណីផ្ទុះដ៏កក្រើក នៅតំបន់កំពង់ផែរដ្ឋធានីបេរូត កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ បានកើនឡើងដល់១៣៥នាក់ និងជាង ៥,០០០នាក់ទៀតរងរបួស ខណៈមនុស្សជាង៣សែននាក់ បានបាត់បង់ផ្ទះសម្បែង។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ។
រដ្ឋាភិបាលប្រទេសលីបង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលរហូត០២សប្តាហ៍ការប្រកាសអាសន្ន ដើម្បីឲ្យយោធាប្រគល់សិទ្ធិគ្រប់គ្រងសន្តិសុខនៅក្នុងរដ្ឋធានីបេរូតទាំងមូល។ ឧបទ្ទវហេតុនេះត្រូវបានរដ្ឋាភិបាលលីបង់ប្រកាសថា បង្កឡើងដោយការឆេះ និងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល០៦ឆ្នាំមកហើយ។
ជាមួយគ្នានេះរដ្ឋាភិបាលលីបង់ក៏បានប្រកាសកាន់ទុក្ខ រយៈពេល ០៣ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃពុធម្សិលមិញ ខណៈរដ្ឋាភិបាលប្រទេសនេះ ក៏បានសន្យាផងដែរថា នឹងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងការបង្កឲ្យមានហេតុការណ៍ផ្ទុះនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត។
សូមជម្រាបថា បណ្តាប្រទេសមួយចំនួនដូចជា បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងជាពិសេសអង្គការសហប្រជាជាតិ (UN) បានផ្តល់ជំនួយ និងសន្យាជួយប្រជាជាតិលីបង់ ដែលមានប្រជាជនសរុបជាង ៦.៨លាននាក់មួយនេះនៅក្នុងគ្រាដ៏លំបាកលំបិននេះផងដែរ៕