អឺរ៉ុប​កាន់តែ​បែកបាក់ និង​ខ្វែងគំនិត​គ្នា​កាន់តែខ្លាំង ក្នុង​រឿង​ទទួល​ជនភៀស ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2015 ក+ ក-

​រូបភាពសាកសព​ក្មេងប្រុស ស៊ី​រី ដែល​អណ្តែត​មក​ទើ​លើ​ឆ្នេរតួ​ក​គី កាលពី​ថ្ងៃ​ពុធ ប្រៀបបាន​ទៅនឹង​ជន្លួញ រុញ មេដឹកនាំ​អឺរ៉ុប​ឲ្យ​ចាត់ វិធានការ​បន្ទាន់ ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍​។ នៅ​ថ្ងៃ​សុក្រ​ទី ៤ កញ្ញា នាយករដ្ឋមន្ត្រី​អង់គ្លេស គ្រោង​នឹង​ប្រកាស​ទទួល​បន្ថែម​ជនភៀសខ្លួន នៅក្នុង​ពេល ដែល រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ត្រូវ​ជួបប្រជុំគ្នា នៅ​ប្រទេស​លុច​សំបួរ ដើម្បី ពិភាក្សា​ទៅលើ​ផែនការ​ទទួល​ជនភៀសខ្លួន ដែល​នាយករដ្ឋមន្ត្រីអាល្លឺ ម៉ង់ និង​ប្រធានាធិបតី​បារាំង បាន​រកឃើញ នៅក្នុង​កិច្ចព្រមព្រៀង​មួយ កាលពី​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ​។​

​នៅក្រោយ ការចុះផ្សាយ​រូបភាព ក្មេងប្រុស ភៀសខ្លួន ស៊ី​រី ដេកស្លាប់ ផ្កាប់មុខ​លើ​ឆ្នេរសមុទ្រ តួ​ក​គី នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សំដែង​ក្តី​រន្ធត់ និង​បានប្រកាស​យល់ព្រម​ទទួល​ជនភៀសខ្លួន​ស៊ី​រី បន្ថែមឲ្យ​មក​រស់ នៅក្នុង​ទឹកដី​អង់គ្លេស​។ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់លោក​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​នៅ​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​ទទួលយក បន្ថែម ជនភៀសខ្លួន​ស៊ី​រី ៥​ពាន់​នាក់​។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល អង់គ្លេស កំពុង​ប្រឈម​កាន់តែខ្លាំង នឹង​ការ រិះគន់ និង​ការដាក់​សម្ពាធ ពី គ្រប់​មជ្ឈដ្ឋាន មិន​ថា គណបក្សប្រឆាំង ឬ​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយសារតែ​នយោបាយ​តឹងរ៉ឹង មិន​ចង់​ទទួលយក​ជនភៀសខ្លួន​។ យ៉ាងណាក៏ដោយ តាម​កាសែត​The Guardian នាយករដ្ឋមន្ត្រី នឹង​យល់ព្រម​ទទួលយក​បន្ថែម​ជនភៀសខ្លួន​ជាច្រើន​ពាន់​នាក់ ប៉ុន្តែ ជនភៀសខ្លួន​ទាំងនោះ គឺជា​ជនភៀសខ្លួន​ស៊ី​រី មាន​ប្រភព​ចេញ​មកពី​ជំរំ​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ដើម​បូព៌ា​។ ជំហរ​របស់​ទីក្រុង​ឡុង​ដ៍​មាន​លក្ខណៈ ផ្ទុយស្រឡះ ពី​ការអំពាវនាវ​របស់​មេ​ដឹកនាំ បារាំង និង​អាល្លឺម៉ង់ ដែល​ទើបបាន​ប្រកាស កាលពី​ថ្ងៃ​ម្សិលមិញ ទាមទារ​ឲ្យ​សមាជិក​អឺរ៉ុប​ទាំងអស់ ទទួលយក​កូតា​ជនភៀស ខ្លួន ដែល​កំពុង​សម្រុកចូល​មក​ទឹកដី​អឺរ៉ុប​តាម​ប្រទេស​ក្រិ​ក អ៊ីតាលី និង​ហុង​គ្រី​នោះ​។​

​នៅក្នុង​កិច្ចព្រមព្រៀង បារាំង អាល្លឺម៉ង់ នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ បាន លើកឡើង​ពី​គោលការណ៍បែងចែកដោយ​ស្មើភាព​គ្នារវាងប្រទេស​សមា ជិក​អឺរ៉ុប ដើម្បី​ទទួលយក​ជនភៀសខ្លួន ដែល​កំពុង​រត់​ចូល​រួចហើយ មក​ក្នុង​ទឹកដី​អឺរ៉ុប​។ អាល្លឺម៉ង់ នាំមុខគេ ដើម្បី​និយាយ​ពី​វិបត្តិ​ជនភៀសខ្លួន ព្រោះថា អាល្លឺម៉ង់ ដែលជា​គោលដៅ ចំបង​របស់​ជនភៀសខ្លួន រំពឹងថា នឹង​ទទួល​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ ៨​សែន​នាក់ នៅក្នុង​ឆ្នាំនេះ​។​

​ឆ្លើយតប​ទៅនឹង​ការហូរចូល​ជនភៀសខ្លួន ប្រៀបបាន​នឹង​ទឹកបាក់​ទំនប់ ហើយ​និង​ភាពស្ពឹក​ស្រពន់​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លើក​នេះ បាន​ព្រមាន​អនុវត្ត​ធម៌​ក្តៅ ក្នុងករណី សមាជិក​អឺរ៉ុប​មិនអាច​ចរចា ចុះសម្រុង​គ្នា ចែករំលែក​ជនភៀសខ្លួន​។ នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ អង់​ហ្គេ​ឡា ម៉ែរ​គែល និយាយថា អាល្លឺម៉ង់ ចង់​សើរើ​នយោបាយ​Schenguen ដែល​ចែង​ពី​តំបន់​ដើរហើរ ធ្វើការ​របស់​ប្រជាជន​អឺរ៉ុប​។ និយាយ​បែប​ម្យ៉ាង អាល្លឺម៉ង់ ព្រមាន​លែង​ទទួល ផ្តល់​ការងារ​ដល់​ប្រជា ជន​របស់​ប្រទេស​អឺរ៉ុប​ណា​ដែល មិន​ចង់​ទទួលយក​ជនភៀសខ្លួន​។​

​តាម​ប្រធាន​អង្គការ​UNCHR​ដែលជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ អឺរ៉ុប​ត្រូវ​សាមគ្គី​គ្នា ដើម្បី ទទួល​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ ២​សែន​នាក់​។ ប៉ុន្តែ អឺរ៉ុប​ដែល​ពេលនេះ កំពុង​បែកបាក់​គ្នា​ខ្លាំងណាស់ នៅក្នុង​រឿង​ទទួល​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​ទំនង​នឹងមិន​អាចឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អង្គការ សហប្រជាជាតិ​ទេ​។ ជាក់ស្តែង ក្នុងពេលដែល​រដ្ឋមន្ត្រី ការបរទេស​របស់​អឺរ៉ុប​កំពុង​ប្រជុំគ្នា នៅ​លុច​សំបួរ ដើម្បី​រក​មធ្យោបាយ​ផ្តល់ជំនួយ ដល់​ជនភៀសខ្លួន ប្រទេស​អឺរ៉ុប​ខាងកើត ចំនួន ៤ ដូចជា​ហុង​គ្រី សាធារណរដ្ឋ​ឆែក ស្លូ​វ៉ា​គី និង​ប៉ូឡូញ​ដែល​ប្រឆាំងនឹង​គោលការណ៍ បែងចែក ទទួល​ជនភៀសខ្លួន កំពុង​ជួបប្រជុំគ្នា ដែរ​នៅ​ទីក្រុង​ប្រាក​។ ប្រទេស​ទាំងនេះ​មិន​ចង់​ទេ ផ្តល់​សិទ្ធិ​ជ្រកកោន ដល់​ជនភៀសខ្លួន ក្នុង​ទឹកដី​របស់ខ្លួន​។​

​នាយករដ្ឋមន្ត្រី​ហុង​គ្រី​៖ លំហូរ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​នឹងធ្វើ​ឲ្យ​ជនជាតិ​អឺរ៉ុប​ក្លាយជា​ប្រជាជន​ភាគតិច ក្នុង​ទឹកដី​របស់ខ្លួន​

​បញ្ហា​សេដ្ឋកិច្ច​ជាហេតុ​ផល ចំបង​មួយ ដែល​ប​ន្ទុ​ច​បង្អាក់​មិន​ឲ្យ​គេច​ង់​ទទួល​ជនភៀសខ្លួន ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​កំពុងមាន​សេដ្ឋកិច្ច​មិនសូវ​ល្អ មិន​រីកចំរើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការទទួល​ជនភៀសខ្លួន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ របស់​ប្រជាជន​ក្នុងស្រុក​របស់ខ្លួន​។ នេះ​ជា​រឿង​មួយ ប៉ុន្តែ ការដែល រដ្ឋាភិបាល​របស់​ប្រទេស​ខ្លះ នៅតែមាន​អា​រិ​ភាព មិនសូវ​ចង់​ទទួល ជនភៀសខ្លួន ក៏​ដោយសារតែ​គិត​ខ្វល់​ទៅនឹង​បញ្ហា​ដែល​នឹង​អាច​កើតឡើងនៅ​ថ្ងៃ​អនា គត ក្រោយពេល​ទទួល​ភៀសខ្លួន​រួចហើយ​។​

​សម្រាប់​អាមេរិក គឺ​បញ្ហា​សន្តិសុខ​ជាតិ​។ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក និង​ជា​ប្រទេស​ដែល​កកើត ឡើង ដោយសារ​ជនអន្តោប្រវេសន៍ ទើប​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ តែ ១៥០០​នាក់ ប៉ុណ្ណោះ គឺ​ក្នុង​រយៈពេល ៤​ឆ្នាំ ដែល​សង្គ្រាម​បាន​ផ្ទុះឡើង​នៅ​ស៊ី​រី​។ ចំនួន នេះ គឺ​តិច​ណាស់ បើ​ប្រៀបធៀប​នឹង​ចំនួន ភៀសខ្លួន​ស៊ី​រី សរុប​ប្រមាណ ៤​លាន​នាក់ ដែល​បាន​រត់គេច​ពី​សង្គ្រាម និង​ដែល​កំពុង​រស់នៅ យ៉ាង​អត្តខាត់ក្នុង​ជំរំ​ភៀសខ្លួននៅ​ប្រទេសជិតខាង ដូចជា​នៅ​លី​បង់ ហ្សកដានី ឬ​តួ​ក​គី​ជាដើម​នោះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក បាន​ទទួលស្គាល់ថា គេ​ត្រូវ​បន្ទាន់ បើកទ្វារ ដើម្បី​ទទួល​ជនភៀសខ្លួន ប៉ុន្តែ ជាមួយគ្នា នេះ អាមេរិក​ផ្ទាល់ មិនអាច​ចាត់ការ ទទួលយក​ជនភៀសខ្លួន​ដោយ​ប្រថុចញ៉ុច​ឡើយ​។

អាទិភាព​ចំបង​ដែល​រដ្ឋ​អាមេរិក​ត្រូវ​ផ្តល់​ឲ្យ​មុនគេ​នោះ គឺ​សន្តិសុខ​ជាតិ និង​ជាពិសេស​សុវត្ថិភាព របស់​ប្រជាជន​អាមេរិក​ផ្ទាល់​តែម្តង​។ តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក វ៉ាស៊ីនតោន មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់ នៅក្នុងពេល​ទទួល​ជនភៀសខ្លួន​ស៊ី​រី ដែល​បាន​រត់គេច​ពី​សង្គ្រាមស៊ីវិល និង​ការវាយប្រហារ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ នៅ ពេល​សម្ភាសន៍ ជ្រើសរើស​ជនភៀសខ្លួន​ដែល​ចង់​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​អាមេរិក ម្តងៗ គឺ មន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ផ្ទាល់​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស នៅ​ដើម​បូព៌ា ដើម្បី សម្ភាសន៍ សួរ ជីកឫស ជីក​គល់ បេក្ខជន​។ អាមេរិក​សំរិតសម្រាំង ប្រុងប្រយ័ត្ន​ខ្លាំង ព្រោះតែ​ខ្លាច ថា មាន​ក្រុម​ជី​ហាត ឬ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម មកពី​ស៊ី​រី បន្លំ​ខ្លួន នៅក្នុង​ចំណោម​ជន ភៀសខ្លួន និង​ដែល​អាច​ទៅ​បង្កបញ្ហា អសន្តិសុខ ក្នុង​ទឹកដី​អាមេរិក​។​

​ក្នុងករណី​ប្រទេស​ហុង​គ្រី បញ្ហា​អត្តសញ្ញាណ​ជាតិ ជា​ហេតុផល​សំខាន់​ជាងគេ​។ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ បាន​និយាយ​ដោយ​មិន​លាក់ លៀម ពី​ការគំរាមកំហែង ដល់​អត្តសញ្ញាណ​ជាតិ នៅពេលដែល​ជន ភៀសខ្លួន មាន​វត្តមាន​កាន់តែច្រើន នៅក្នុង​ទឹកដី​អឺរ៉ុប​។ កាលពី​ថ្ងៃ​ម្សិល មិញ លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី វិចទ័រ អរ​បង់ ដែល​បាន​បញ្ជា​ឲ្យ​គេ​ធ្វើ​ជញ្ជាំង លួស​បន្លា នៅ​ព្រំដែន ជាមួយ​ប្រទេស​ស៊ែរ​ប៊ី បាន​លើកឡើងថា វត្តមាន​កាន់តែច្រើន ជនភៀសខ្លួន​មកពី តំបន់​ដើម​បូព៌ា និង ដែល​កាន់សាសនា​អ៊ីស្លាម នឹង​គំរាមកំហែង ដល់​វត្តមាន​គ្រឹ​ស្ត​សាសនា​នៅក្នុង​ទឹកដី អឺរ៉ុប​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ទៀត នៅក្នុង​វិទ្យុជាតិ​ហុង​គ្រី ប្រមុខ​ដឹកនាំ​ប្រទេស​នេះ នៅបាន​ព្រមាន​ថា អឺរ៉ុប​កំពុង​រង​ការគំរាមកំហែង ដោយសារតែ​ការហូរចូល​មិន​ឈប់ ជនអន្តោប្រវេសន៍​។ សម្រាប់​លោក នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប្រជាជន​នៅ​អឺរ៉ុប នឹង​ក្លាយទៅជា​ប្រជាជន​ភាគតិច នៅលើ​ទឹកដី​អឺរ៉ុប​របស់​ខ្លួនឯង​ទៅវិញ​។ ដូច្នេះ ជាជាង​ការបើកទ្វារ​ទទួល​ជនភៀសខ្លួន ឲ្យ​បាន​ច្រើន នាយករដ្ឋមន្ត្រី ហុង​គ្រី អំពាវនាវ​ចង់​ឲ្យ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត បិទ​ព្រំដែន ទប់​កុំ​ឲ្យ​ជនអន្តោប្រវេសន៍ជន ភៀសខ្លួន ឆ្លង​ចូលក្នុង​ទឹកដី​អឺរ៉ុប​តទៅទៀត​៕

kmjnjkk

ជនអន្តោប្រវេសន៍​កក​ស្ទះ​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋធានី ប៊ុត​ដា​ប៉ែស ប្រទេស​ហុង​គ្រី ថ្ងៃទី ២​កញ្ញា ២០១៥