ភ្នំពេញ៖គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបាន សម្រេចបង្កើតគណៈកម្មការសម្ព័ន្ទឃោសនាដើម្បីប្រមូលព័ត៌មានទាក់ ទងស្ថានភាពនយោបាយនៅក្នុងគណបក្សក្នុងចំណោមមហាជន ប្រយោជន៍ក្នុងការពង្រឹងឥទ្ធិពលរបស់បក្ស ប៉ុន្តែបក្សប្រឆាំងបានវាយ តម្លៃថាមិនអាចទៅរួចទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានលើកឡើង ថា គណៈកម្មការឃោសនាថ្មីរបស់គណបក្សប្រជាជនកម្ពុជា (CPP) នឹងមិនអាចទាក់ទាញប្រជាប្រិយភាពទេ ដោយសារតែគណបក្សកាន់ អំណាចមិនអាចដោះស្រាយបញ្ហាពុករលួយ បញ្ហាបាត់បង់ដីធ្លី រំលោភសិទ្ធមនុស្ស បញ្ហាកាប់ បំផ្លាញព្រៃឈើ និងការផ្តល់សេវាសាធារណៈមិនល្អដល់ប្រជាពលរដ្ឋ ដែលបញ្ហាទាំងនេះបានធ្វើឲ្យបាត់បង់ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ។
លោក សុវណ្ណ បន្តថា គណៈកម្មការនេះនឹងមិនអាចជួយគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និង២០១៨ បាន លុះត្រាតែ គណបក្សកាន់នេះអាចដោះស្រាយបញ្ហាពុករលួយ អសន្តិ សុខដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងសេវាសាធារណៈទន់ខ្សោយឲ្យបានល្អប្រសើរ។ លោកបានបន្ថែមថា បញ្ហាទាំងនេះជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយបើគណបក្សប្រជាជនកម្ពុជាអាចដោះស្រាយបញ្ហាទាំងនេះបាន ពួកគេនឹងទទួលបានការគាំទ្រ ។កត្តាដែលពួកគេមិនអាចធ្វើបានពីមុនៗមក ដោយសារតែមានអំពើពុករលួយ ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីសម្រេចមួយ ចុះកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥បានឲ្យដឹងថា គណកម្មការធិកណ្តាលបានសម្រេចបង្កើត គណៈកម្មការសម្ព័ន្ទឃោសនាដើម្បីប្រមូលព័ត៌មានទាក់ទងស្ថានភាពនយោបាយនៅក្នុងគណបក្ស ក្នុងចំណោមមហាជន និងពីប្រភពផ្សេងៗទៀត ហើយធ្វើយុទ្ធនាការសម្រាប់គណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងនេះក្តី ក៏គេនៅតែមើលឃើញថា ជាង៣០ឆ្នាំកន្លងមកហើយដែលគណបក្សប្រជាជនកម្ពុជានៅរក្សាបាននូវតំណែងខ្ពស់បំផុតក្នុងការដឹកនាំប្រទេសក្នុងចំណោមបក្សជាច្រើនទៀតដែលឈរឈ្មោះឲ្យគេបោះ ឆ្នោត៕ដោយ៖ខេមរា