ភ្នំពេញ:មន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងថា ក្រសួងនឹងបង្កើតសមាគមមនុស្សចាស់ ដើម្បីជួយដល់និវត្តជនដែលជាមន្ត្រីរាជការរបស់ក្រសួងជាង ៣០០នាក់នាពេលខាងមុខ។ ទន្ទឹមគ្នានេះ មន្ត្រីរាជការចាស់ៗដែលចូលនិវត្ត រំពឹងថា សមាគមនេះជាក្តីសង្ឃឹមរបស់និវត្តជន និងផ្តល់ប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ។
មន្ត្រីរាជការដែលបានចូលនិវត្ត គាំទ្រគម្រោងបង្កើតសមាគមនិវត្តជន ព្រោះនិវត្តជនក៏ជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ជាតិ។
និវត្តជនផ្នែកនិពន្ធដែលជាអតីតអ្នកយកព័ត៌មាន ព្រមទាំងជាប្រធាន ការិយាល័យនាទីយល់ដឹងនៃក្រសួងព័ត៌មាន លោក ស៊ី បរិញ្ញា និយាយ ថា លោកគាំទ្រឲ្យមានការបង្កើតសមាគមនេះ។លោកថា ថ្វីត្បិតតែមនុស្សចាស់មិនសកម្ម រហ័សរហួនដូចក្មេង ទាំងកម្លាំងពលំ និងគំនិតប្រាជ្ញាចុះថយក្តី ក៏សង្គមមិនត្រូវទុកមនុស្សចាស់ចោលដែរ៖ «ដល់ពេលចូលនិវត្តបាន ដឹងថា ជីវិតហ្នឹងអស់សង្ឃឹម ព្រោះខំបម្រើការងារឲ្យគេរាប់សិបឆ្នាំ បែរជាអត់មានការយកចិត្តទុកដាក់ ចឹងនៅពេលដែលមានគម្រោងបង្កើតសមាគមនេះឡើង វាអាចឲ្យនិវត្តជនទាំងនោះអាចប្រើ ប្រាស់ជីវិតចុងក្រោយរបស់ពួក គាត់»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ កញ្ញា ថា សមាគមមនុស្សចាស់ដែលក្រសួងព័ត៌មាន គ្រោងនឹងបង្កើតឡើងសម្រាប់និវត្តជនរបស់ក្រសួងព័ត៌មាន នឹងផ្តល់ឱកាសឲ្យនិវត្តជនទាំងនោះ ចែករំលែកទាំងបទ ពិសោធន៍ និងស្នាដៃដល់យុវជនជំនាន់ក្រោយ៖ «ទី១ គាត់អាចចូលរួមធ្វើការដោយបំបាត់ការអផ្សុក ព្រោះមន្ត្រីដែលចូលនិវត្តដែលចាស់ៗទៅ ចឹងបើគាត់នៅទំនេរ គាត់នឹងលំបាកដែរ ចឹងបើគាត់មកជុំគ្នា ពួកគាត់អាចជជែកគ្នាពីបទពិសោធន៍ការងារដល់និវត្តជនដូចគ្នា ហើយយុវជនជាអ្នកកត់ត្រា។ ដូច្នេះ វាផ្តល់ប្រយោជន៍ណាស់ដល់វិស័យព័ត៌មាន»។
ចំណែកមន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា លោកសាទរចំណាត់ការក្រសួងព័ត៌មាន។ លោកថា កន្លងមក រដ្ឋាភិបាលមានគោលនយោបាយការពារកុមារ និងស្ត្រី តែដោយឡែកបញ្ហាមនុស្សចាស់ ឬមន្ត្រីរាជការចាស់ៗដែលចូលនិវត្ត រដ្ឋា ភិបាលហាក់ពុំសូវអើពើនោះទេ ហើយលោកសង្ឃឹមថា ការអនុវត្តនឹង មានប្រសិទ្ធភាព៖ «យើងរំពឹងថា សមាគមនេះនឹងមានដំណើរការពិតប្រាកដ ពិសេសធ្វើយ៉ាងណាត្រូវតែមានតម្លាភាព និងគិតគូរពីផល ប្រយោជន៍របស់និវត្តជនទាំងនោះ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មិនទាន់បញ្ជាក់ច្បាស់ពីពេលវេលាដំណើរការជាផ្លូវការនៃសមាគម មនុស្សចាស់ សម្រាប់ជួយដល់និវត្តជនដែលជាមន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ជាង ៣០០នាក់នៅឡើយ។ បច្ចុប្បន្ន ក្រសួងព័ត៌មាន កំពុងរៀបចំរចនាសម្ព័ន្ធ លក្ខន្តិកៈ និងសកម្មភាព ដើម្បីឲ្យសមាគមនេះទទួលបានជោគជ័យ៕