ភ្នំពេញ៖ថ្លែងប្រាប់នៅថ្ងៃទី៥ ខែកញ្ញា នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និយាយថា ជនភៀសខ្លួនម្នាក់ក្នុងចំណោម ៤នាក់ បានស្នើសុំចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសភូមាជាស្រុកកំណើតវិញ។
មន្ត្រីនាំពាក្យបានបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ដែលមិនចង់បន្តរស់នៅប្រទេសកម្ពុជាទៀតទេ ព្រោះគេនឹកស្រុកកំណើត។ ចំណែកសង្គមស៊ីវិលដែលតែងតែប្រឆាំងការទទួលយកជនភៀសខ្លួន ថានេះជាសារមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា មិនមែនជាកន្លែងដែលជនភៀសខ្លួនចង់រស់នៅឡើយ។
ប្រភពដដែលបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើតាមការស្នើសុំជនភៀស ខ្លួន ព្រោះការស្នើសុំគឺជាសិទ្ធិ ហើយរដ្ឋាភិបាលមិនប្រឆាំងការសម្រេចនោះឡើយ ប៉ុន្តែគេមិនទាន់កំណត់ពេលជាក់លាក់នៃការបញ្ជូនត្រឡប់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការស្នើសុំទៅប្រទេសកំណើតរបស់បុរសជនជាតិរ៉ូហ៊ីងយ៉ា គឺជាការស្ម័គ្រ ចិត្តរបស់គេ និងស្របទៅនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ថាប្រសិនបើជនភៀសខ្លួនស្នើទៅប្រទេសកំណើតវិញ កម្ពុជា នឹងធ្វើតាមសំណើ។
លោក ខៀវ សុភ័គ បន្តទៀតថា ការនឹកស្រុកកំណើតជាសារជាតិរបស់មនុស្សទូទៅ ប៉ុន្តែលោកថា ការស្នើសុំនេះជារឿងប្លែកសម្រាប់ជនភៀស ខ្លួន ៕
រថយន្តដឹកជនភៀសខ្លួន ៤នាក់រួមមានជនជាតិ
អ៊ីរ៉ង់ (Iran) ៣នាក់ និងម្នាក់ទៀតជាជនជាតិ
ដើមភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលរត់គេចពីប្រទេសមីយ៉ាន់ម៉ា
ឬភូមាស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥។
ភូមិគ្រឹះដែលជនភៀសខ្លួន ៤នាក់ស្នាក់នៅបណ្ដោះអាសន្ន បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនពីកោះណាវរូ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រូបថតថ្ងៃទី១២ មិថុនា ឆ្នាំ២០១៥