ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តសង្គ្រោះ បន្ទាន់របស់គ្លីនីគéជនបានឆក់យកជីវិតប្តី-ប្រពន្ធ និងកូនស្រី មួយគ្រួសារ និងមនុស្ស២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ ដោយសារពួកគេបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តសង្គ្រោះ បន្ទាន់របស់គ្លីនិក ឃឹម រ៉ានី បើកក្នុងល្បឿនលឿនជ្រុលទៅម៉ូតូចំនួន២គ្រឿង កាលពីវេលាម៉ោង០៨:១៥នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា នៅលើផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាល ចោមចៅ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យរួមគ្នា នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ក្រុមគ្រួសារនៃសពនៅពេលនេះកំពុង តែដង្ហោយរកយុត្តិធម៌ ពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តរបស់គ្លីនិក ឃឹម រ៉ានី មួយនេះ។
សមត្ថកិច្ចបានបញ្ជាក់នៅកន្លែងកើតហេតុថា ម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-5419 ជិះគ្នាចំនួន៣នាក់ (មួយគ្រួសារ) ប្តី-ប្រពន្ធ និងកូនស្រីបានស្លាប់ជាបន្តបន្ទាប់ទាំងអស់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ-0469 ជិះ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ ម៉ែត។
ប្រភពបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក ឃឹម រ៉ានី (ទួលគោក) មិនស្គាល់ឈ្មោះ ក្នុងស្ថានភាពស្រវឹងជោករត់គេចខ្លួនចូលទៅម្តុំមុខសាលាសុវណ្ណភូមិក្បែរកន្លែងកើតហេតុបាត់ ស្រមោលបន្សល់ទុករថយន្តពុំមានពាក់ស្លាកលេខ ប៉ុន្តែគេដឹងថាជារថ យន្ត របស់គ្លីនិក ឃឹម រ៉ានី (ទួលគោក)។
អធិការនគរបាល ខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តសង្គ្រោះដោយបានបើករេរទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកនៅខាងស្តាំដៃយ៉ាងកម្រោលបណ្តាលឲ្យស្លាប់មនុស្សមួយគ្រួសារ និងរបួសធ្ងន់ធ្ងរយ៉ាងដូច្នេះ។
គួររំលឹកថា កន្លងមក រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក ឃឹម រ៉ានី ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរងរបួសជាញឹកញាប់ ។ ករណីខ្លះនៅពេលចេញទៅដឹកជនរងគ្រោះ បើឃើញសភាពជនរងគ្រោះបែបមិនស្រួលមានជីវភាពក្រីក្រ គឺមិនដឹកទៅសង្គ្រោះនោះទេ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ គួរពិនិត្យករណីនេះឡើងវិញផង។
សូមជម្រាបថា ក្រសួងសុខាភិបាលធ្លាប់បានចេញបំរាមមិនឲ្យរថយន្តគ្លីនិកឯកជនចេញទៅដឹកជនរងគ្រោះ នៅតាមទីសាធារណឡើយ តែរថយន្តសង្គ្រោះបន្ទាន់របស់គ្លិនិកéជនជាច្រើននៅតែមិនអនុវត្តតាមឡើយ ក្នុងនោះរថយន្តរបស់គ្លីនិក ឃឹម រ៉ានី គេឃើញចេញទៅយកជារៀងរាល់យប់មិនអើពើចំពោះបំរាមរបស់ក្រសួងសុខាភិបាលនោះឡើយ៕ដោយ៖រដ្ឋា