អាមេរិក​មិន​ចង់​ប្រគល់​ផែនទី​ដែល​កម្ពុជា​ស្នើសុំ​ខ្ចី ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2015 ក+ ក-

​ភ្នំពេញ​:​សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ មាន​ព្រះ បន្ទូល​ថា​ព្រះអង្គ​ទទួលបាន​ព័ត៌មាន ពី​មន្ត្រី​ជំនាញ​កម្ពុជា​ថា ស​ម្តេច​តាព្រះ​បរម​រតន​កោដ្ឋ​ពិតជា​បាន​យក​ផែនទី​ទៅ​ប្រគល់​ឲ្យ​អាមេរិក ប៉ុន្តែ​ថា​អាមេរិក​មានបំណង​មិន​ចង់​ប្រគល់​ឲ្យ​កម្ពុជា ដោយ​ចាត់ទុកថា​ជា​រឿង​សម្ងាត់​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅពេល​លាបំណន់​នៅ​វត្តភ្នំ សម្តេចក្រុមព្រះ​មាន​ព្រះបន្ទូល​ថា​ព្រះអង្គ​មិន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិដែល​រង់ចាំ​ផែនទី​ពី​សហរដ្ឋ អាមេរិក​ដែល​រដ្ឋាភិបាល​បានស្នើ​សុំ​នោះទេ​។ព្រះអង្គ​បន្តថា​ព្រះអង្គ​គាំទ្រ​រដ្ឋាភិបាល​ដែល​បញ្ចប់​ការងារ​ត្រួតពិនិត្យ​ផែនទីនេះ​។ព្រះអង្គ​បន្ថែមថា ​ព្រះអង្គ​ទទួលបាន​ព័ត៌មាន​ថា ស​ម្តេច​តា​ពិតជា​បានប្រគល់​ផែនទី​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​មែន​។​

​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ “​ខ្ញុំ​អត់​គាំទ្រ​សង្គ្រោះ​ជាតិ​ទេ​។ ខ្ញុំ​គាំទ្រ​សម្តេច នាយក​(​លោក ហ៊ុន សែន​) ព្រោះ​គាត់​បានប្រកាស​ហើយ​គាត់​ថា​គាត់​បាន​ទៅ​ថត​ហើយ​។ ​ខ្ញុំ​ជួប​ចៃដន្យ កន្លែង​ណា​ខ្ញុំ​មិន​ជម្រាប​ទេ ខ្ញុំ​ជួប​ឯកឧត្តម​វ៉ា គឹមហុង​(​ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​) ខ្ញុំ​សួរថា​តើ​ឪពុក​ខ្ញុំ​នេះ ព្រោះ​សម្តេចនាយក​មានប្រសាសន៍​ថាស​ម្តេច​តា​លោ​កថា​បាន ប្រគល់​ផែនទី តើ​លោក​បានប្រគល់​ផែនទី​ហ្នឹង​ទេ មែន​ឬក៏​មិនមែន​? ឯក ឧត្តម​វ៉ា គឹមហុង ខ្សឹប​ថាស​ម្តេច​តា​បានប្រគល់​មែន ប៉ុន​ទៅសុំ​គេ គេ​មិន​ឲ្យ​ទេ គេ​ថា​អានេះ វា​សម្ងាត់​”​។​

​សម្តេចក្រុមព្រះ​បាន​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទៅសុំ​ផែនទី​ពី​សហរដ្ឋអាមេរិក ដោយ​ថា​ភាគី​ទាំងពីរ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​នឹងគ្នា​។​

សម្ដេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​មានបន្ទូល ទាក់ ទង​នឹង​បញ្ហា​ព្រំដែននៅ​ព្រឹក​នេះ​ថា សម្ដេចឪព្រះករុណា​ព្រះមហាវីរក្សត្រ​នៃ​យើង​ព្រះអង្គ បាន​ផ្ដាំ​មិន​ឲ្យ​កូនចៅ​យក​បញ្ហា​ព្រំដែន​មកលេង​សើច ដើម្បី​កេងចំណេញ​នយោបាយ​។​

ចំពោះ​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​ផ្ដល់​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​បារាំង​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ដោយ​ព្រះអង្គ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​តាមដាន​លើក​ទី ១​ចំនួន ៦​នាក់ និង​លើក​ទី​២​ចំនួន ៤​នាក់​។​ក្រោយពី​ការតាម ដាន និង​ពិនិត្យ​ជាក់ស្ដែង​ទៅលើ​ការផ្ទៀងផ្ទាត់​ផែនទី​នោះ​សម្ដេចក្រុមព្រះ បាន​មាន​ព្រះ រាជបន្ទូល​ថា គឺ​បាន​បញ្ជាក់ថា មិនមាន​ការខុសប្លែក​គ្នា​ទាស់​តែ​សោះ​រវាង​ផែនទី ដែល​រាជ រដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយនឹង ផែនទី​ដែល​ផ្ដល់​ដោយ​អង្គការសហប្រជាជាតិ និង​បរទេស​នោះឡើយ​។​

​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​លិខិត​មួយ​ទៅ​ប្រធានាធិបតី​អាម​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយបាន​ជម្រាប​ថា​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​កាលពី​អតីតកាល​លើ​ការ ងារ​មួយ ចំនួន​ទាក់ទង​នឹង​ផែនទី​។ លិខិត​បន្តថា​កម្ពុ​ជាស​ង្ឃឹ​ម​ថា​រដ្ឋាភិបាល​អាមេ រិក​នៅ​រក្សាទុក​នូវ​ផែនទី​រវាង​កម្ពុជា​និង​ប្រទេសជិតខាង​។ បើតាម​លិខិត លោក ហ៊ុន សែន បាន​សុំ​ខ្ចី​ផែនទី និង​ស្នើសុំ​ជំនួយ​ពី​អាមេរិក​ក្នុងការ​បញ្ជូន​អ្នកឯកទេស​ខាង​ផែនទី មក​កម្ពុជា​ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​។​

​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា​លោក​មិនបាន​ជួប​សម្តេចក្រុមព្រះ​និយាយ​ពី​បញ្ហា​នេះ​នោះទេ​។ លោក​បញ្ជាក់ថា​៖ “…​ឥឡូវ​លោក​ថា​អី​ថា​ទៅ ខ្ញុំ​គ្រាន់តែ​ថា​ខ្ញុំ​អត់​បាន​ថា​អ៊ីចឹង​ទេ លោក​(​សម្តេចក្រុមព្រះ​)​សួរ​ខ្ញុំ ខ្ញុំ​អត់​មាន​ថា​អ៊ីចឹង​ទេ​…”​។​

​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​ស្តីទី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Courtney Woods​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​រសៀល​នេះ​ថា ស្ថានទូត​សុំ​មិន​អត្ថាធិប្បាយ​ចំពោះ​ការលើកឡើង​របស់​សម្តេច​ក្រុមព្រះ​នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ផែនទី​កម្ពុជា​ដែល​អាមេរិក​មាន​គឺ​បាន​តម្កល់ទុក​ក្នុង​ក្នុង​បណ្ណាល័យ​សភា​អាមេរិក​(Library of Congress)​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​សាធារណជន​អាច​ចូលទៅ​រកមើល​បាន​។​

​គួររំលឹកថា ក្រុម​ជំនាញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​កម្ពុជា​ជាមួយ​ផែនទី​១៨​ផ្ទាំង​ខ្ចី​មកពី​អង្គការសហប្រជាជាតិ ​និងផែន​ទី​បារាំង​អោយ ដោយ​មន្ត្រី​រដ្ឋា ភិបាល​បាន​អះអាងថា​ផែនទី​ទាំងនោះ​គឺ​ដូចគ្នា បន្ទាប់មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែនទី​តទៅទៀត​។​

កន្លងទៅ តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន លោក អ៊ុំ សំអាន បាន លើកឡើង​ថា​លោក​ពិតជា​បាន​រកឃើញ​ផែនទី​២៦​ផ្ទាំង​ដែល​លោក​អះអាងថា ជា​ផែន​ទី បោ​ន​និង​ពុំមាន​ត្រា​វៀតណាម ហើយ​ព្រះ​បរម​រតន​កោដ្ឋ​តម្កល់ទុក​នៅ​សហរដ្ឋ អាមេរិក​កាលពី​ឆ្នាំ​១៩៦៤​។​

​ទាក់ទង​នឹង​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​វិញ រហូតមកដល់​ពេលនេះ មន្ត្រី​ជំនាញ​កម្ពុជា​មិនអាច​បកស្រាយ​បានទេ​ថា​តើ​ព្រះ​បរម​រតន​កោដ្ឋ​ពិតជា​បានដាក់​ផែនទី​កម្ពុជា​តម្កល់​នៅ​អង្គការសហប្រជាជាតិ​កាលពី​ទសវត្សរ៍​៦០​ឬ​យ៉ាងណា​។​

​យោងតាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​បូរណភាព​ទឹកដី​របស់​ព្រះរាជា ណាចក្រ​កម្ពុជា​មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែល មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣- ១៩៥៣ ហើយ​​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ -១៩៦៩៕

fvcddd

​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មាន​ព្រះបន្ទូល​ទៅកាន់​អ្នកសារព័ត៌មាន                       ​ពេល​លាង​បំណន់​នៅ​វត្តភ្នំ ព្រឹក​ថ្ងៃ​សុក្រ​ទី១១កញ្ញានេះ​