ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ៤​នាក់​ផ្សេងទៀត ស្នើសុំ​មក​រស់នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2015 ក+ ក-

​ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់​នៅ​ថ្ងៃទី​១១ ខែកញ្ញា នេះ​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជូន​ដំណឹង​មក​កម្ពុជា​ថា មាន​ជនភៀសខ្លួន រស់នៅ​កោះ​ ណាវ​រូ ចំនួន ៤ នាក់​បន្ថែមទៀត បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា​។

​លោក ខៀវ សុភ័គ បាន​បន្តថា តាម​ការផ្តល់​ដំណឹង​ពី​ខាង​អូស្ត្រាលី គឺ​ជនភៀសខ្លួន ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន​លើ​កោះ ណាវ​រូ ចំនួន ៤​នាក់​ថ្មី​ទៀត បាន​ស្ម័គ្រចិត្ត​សុំ​មក​រស់នៅ​ក្នុ​ប្រទេស​កម្ពុជា​។ ពួកគេ​ទាំង ៤ នាក់​ថ្មី​នេះ គឺមាន ៣​នាក់ ជា​ជនជាតិ​អ៊ីរ៉ង់ និង​ម្នាក់ទៀត​ជា​ជនជាតិ ភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បន្តទៀតថា នីតិវិធី គឺ​ធ្វើ​ដូច​ពី​លើក​មុនៗ និង​យោងទៅលើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​អូស្ត្រាលី​។

ជាដំបូង គឺ​កម្ពុជានឹង​បញ្ជូន​មន្ត្រី​អន្តោប្រវេសន៍ ទៅកាន់​កោះ​ណាវ​រូ ម្តង ទៀត គឺអាច​នៅ​ចុងខែ​កញ្ញា​នេះ ឬ​អាច​នឹង​នៅ​ដើមខែ​ក្រោយដើម្បី​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ រួច​ធ្វើ​របាយ ការណ៍ជូន​ក្រសួងមហាផ្ទៃ​ដើម្បី​សម្រេច​។​

​គួ​រំលឹកថា កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ កម្ពុជា បានទទួល​ជនភៀស ខ្លួន​ពី​កោះ​ណាវ​រូ ប្រទេស​អូស្ត្រាលី ចំនួន ៤ នាក់ ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ក្នុងនោះ​មាន​ជនជាតិ​អ៊ីរ៉ង់ ៣ នាក់ ( ស្ត្រី​ម្នាក់ ) និង​បុរស​ជនជាតិភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា ម្នាក់​។ ជនភៀសខ្លួន​ទាំង ៤ នាក់​នោះ ត្រូវបាន​ចាត់ចែង​ឲ្យ​ស្នាក់នៅ​លំនៅដ្ឋាន​មួយកន្លែង ក្នុង​សង្កាត់​ច្បារ អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ថ្មីៗ​នេះ មាន​បុរស​ម្នាក់ជា ជនជាតិភាគតិច​ភូមា រ៉ូ​ហ៊ីង​យ៉ា ម្នាក់​បានស្នើ​រាជរដ្ឋាភិបាល​កម្ពុជា សុំ​ទៅ​រស់នៅ​ប្រទេស​ភូមា​វិញ ហើយ​កម្ពុជា​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​រដ្ឋាភិ បាល​ភូមា​។​

​ប្រភព​ប​ន្ត​ថា ដំណឹង​នៃ​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន ៤ នាក់​បន្ថែម ទៀត មកពី​កោះ​ណាវ​រូ ប្រទេស​អូស្ត្រាលី សុំរស់នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជានៅពេលនេះ គឺ​បាន​កើត ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រវាង​សម្តេច ស ខេង ជាមួយនឹង​លោក ភី​ត​ធើ ឌុ​ចតុ​ន ( Petter Dutton) រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​របស់​ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ក្នុង​ឧកាស​ស្នាក់នៅ​កម្ពុជា​លោក ភី​ត​ធើ ឌុ​ចតុ​ន ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏បាន​ពិភាក្សា​ពី​បញ្ហា​ជនភៀសខ្លួន​មកពី​ប្រទេស​អូស្ត្រាលី​នេះ​ផងដែរ​។

សូម​បញ្ជាក់ថា កាល​ពីមួយ​ឆ្នាំមុន ប្រទេស​អូស្ត្រាលី​បាន​សន្យា​ផ្ដល់ប្រាក់​ជំនួយ​បន្ថែម​ដល់​ប្រទេស កម្ពុជា​ចំនួន​៤០​លាន​ដុល្លារ​អូស្ត្រាលី ២៨,១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការព្រមព្រៀង​តាំងទី​លំនៅ​ថ្មី​ដល់​ជនភៀសខ្លួន​ក្នុង ចំនួន​មិន​បញ្ជាក់​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​នៅលើ​កោះ​ណាវ​រូ​កណ្ដាល​មហា​សមុទ្រប៉ាស៊ីហ្វិក៕ដោយ​៖​ក​.​ម៉ា​នូ​

trfgtt