ភ្នំពេញ៖ទោះជាភាគីខាងលោក ប៉ែន ចំរ៉ុង អះអាងថា ស្នេហារវាងនាង ភិន សុដាលីស និងរូបលោកនឹងត្រូវចូលដល់ចំណងមង្គលការនៅអំឡុងដើមឆ្នាំ២០១៦ខាងមុខនេះបន្ទាប់ពីមានការសម្រុះសម្រួលជាមួយខាងស្រីក្តី ក៏លោក អ៊ិន សុភិន ដែលជាឪពុករបស់កញ្ញា ភិន សុដាលីស បានបដិសេធថា នោះជាការបំប៉ោងព័ត៌មានសុទ្ធសាធ។ លោកបានងះអាងថាក្នុងចំណោមគ្រួសាររបស់លោកគឺអត់មានអ្នកណាម្នាក់ទទួលយកលោក ប៉ែន ចំរ៉ុង នោះទេ។
តាមប្រភពពី វីអូដេ ដែលសរសេរនៅថ្ងៃនេះបានឲ្យដឹងថា:ក្នុងបទសម្ភា សន៍ តាមទូរស័ព្ទ លោក ភិន សុភិន បានថ្លែងប្រាប់ថារឿងរៀបការរបស់កូនស្រី និងប៉ែន ចំរ៉ុង គឺជាការចាត់ចែងតែម្ខាងរបស់ភាគីខាងប្រុស និងសាមីខ្លួន ផ្ទាល់គឺ ភិន សុដាលីស។
លោកបន្តថារូបលោកនិងក្រុមគ្រួសារមិនមានអ្នកណាពាក់ព័ន្ធនោះ ទេ។ លោកថានៅក្នុងលោកនេះមិនមានឪពុកម្ដាយណាមិនព្រមសម្របតាម កូន ដើម្បីឲ្យកូនអាចមានសេចក្ដីសុខនោះទេ ប៉ុន្តែមកពីស្នេហារបស់កូន ស្រីនិងលោកប៉ែន ចំរ៉ុង បានកើតឡើងលាយលំនឹងស្នាមជាំខ្មៅដែលមិន អាចទទួលយកបានទើបលោក និងក្រុមគ្រួសារនៅតែរក្សាជំហរអត់ទទួលស្គាល់។
លោក អ៊ិន សុភិន និយាយថា៖ “ខ្ញុំសូមបញ្ជាក់ដោយត្រង់ចុះ បើប៉ែន ចំរ៉ុង គាត់មានចំណុចល្អខ្លះ ក៏ខ្ញុំនិងប្រពន្ធខ្ញុំ សុខចិត្តតាមកូនដែរ ព្រោះយើងមានកូនស្រីជំទាស់អញ្ចឹងដើម្បីអី គឺត្រូវតែរៀបការឲ្យមិនអញ្ចឹង នៅពេល ដែលរឿងវាធ្លាក់ដល់ដំណាក់កាលហ្នឹងហើយ ប៉ុន្តែស្ថានភាពវាមិនអាចឲ្យខ្ញុំនិងគ្រួសារទទួលយក បានទើបវានៅតែអញ្ចឹង! ខ្ញុំចង់ឲ្យប៉ែន ចំរ៉ុង គាត់បកស្រាយខ្លះ ព្រោះគាត់បានធ្វើអ្វីខ្លះគាត់ដឹងច្បាស់ហើយ!”។ លោកបានបន្ថែមថាមូលហេតុនៃការមិនទទួលយក ប៉ែន ចំរ៉ុងនេះ មិន មែនដោយសារលោកជាសិល្បករនោះទេ។
លោកបានបង្ហើបប្រាប់ពីមូលហេតុលម្អិតពាក់ព័ន្ធនឹងមូលហេតុដែល នាំឲ្យលោកនិងក្រុមគ្រួសារមិនទទួលយកលោក ប៉ែន ចំរ៉ុង មកទល់ ពេលនេះ បើទោះជាមុននេះបន្តិចលោកប៉ែន ចំរ៉ុង បានប្រកាសនៅចំពោះមុខតុលាការថាខ្លួនស្រឡាញ់ ភិន សុដាលីស និងចង់រៀបការជា មួយនាង ដែលធ្វើឲ្យមានការផ្ដល់តម្លៃលើចិត្តស្មោះរបស់តារាសម្ដែងរូប នេះ។ ប៉ុន្តែវីអូឌីរក្សាសិទ្ធិមិនធ្វើការលាតត្រដាងពីការទម្លាយចេញនេះ ។
លោក អ៊ិន សុភិន ប្រាប់ថាក្នុងចំណោមសមាជិកគ្រួសារទាំងអស់របស់ លោក បូករួមទាំងអ្នករស់នៅក្នុងខេត្តបាត់ដំបង ដែលជាទីកំណើតនោះផង សុទ្ធតែបានបង្ហាញការជំទាស់មិនឲ្យលោកលើកកូនស្រីឲ្យប៉ែន ចំរ៉ុង បើទោះជាភិន សុដាលីស ត្រូវគេដឹងច្បាស់ដូចថ្ងៃថាសុខចិត្តកាត់ចោលឪពុកម្ដាយ និងគ្រួសារ បើនៅតែជំទាស់មិនឲ្យនាងរួមរស់ជាមួយលោកប៉ែន ចំរ៉ុង។ លោកនិយាយថា៖ “អ្នកមិនដឹងពិតជាថាខ្ញុំជាឪពុកអាក្រក់ ប៉ុន្តែចំរ៉ុង និងក្រុមគ្រួសារគាត់ដឹងច្បាស់ហើយ ថាហេតុអ្វីពួកខ្ញុំទទួល យកអត់បាន ហើយបើការសម្រេចចិត្តរបស់ដាលីសត្រឹមត្រូវ ចុះហេតុអ្វីប្រពន្ធខ្ញុំ ប៉ាខ្ញុំ និងមាមីងខ្ញុំទាំងអស់សុទ្ធតែអត់មានអ្នកទទួលយកចំរ៉ុង អញ្ចឹង”។
លោកបញ្ជាក់បន្ថែមថា៖ “ខ្ញុំសូមបញ្ជាក់ថាគ្រួសារខ្ញុំមួយពូជអត់មានអ្នក គាំទ្រ ដាលីសរឿងចំរ៉ុងទេ! សូម្បីតែតារាៗដូចគ្នា ដែលស្គាល់រាប់អានចំរ៉ុង គេសុទ្ធតែខលមកខ្ញុំកុំឲ្យខ្ញុំទន់ចិត្ត ព្រោះចំរ៉ុងអញ្ចេះចំរ៉ុងអញ្ចុះ ខ្ញុំគិត ថាចំរ៉ុងគាត់ដឹងច្បាស់ជាងគេ ថាហេតុអ្វីគ្រួសារខ្ញុំម៉ាពូជនិងអ្នកស្គាល់គាត់ភាគច្រើនមិន គាំទ្រគាត់!”។
លោកឲ្យដឹងទៀតថាហេតុផលមានក្រនិងដោយសារលោកជាសិល្បករ មិនមែនជារឿងត្រូវជំទាស់នោះទេ ហើយលោកជាសិល្បករ ក៏មិនមែនជាមូលហេតុដែលក្រុមគ្រួសារលោកបដិសេធមិនទទួលលោក ប៉ែន ចំរ៉ុងនោះទេ។ លោកនិយាយថា៖ “មានក្រខ្ញុំអត់ប្រកាន់តែ អ្វីដែលសំខាន់ខ្ញុំសុំតែជាមនុស្សល្អប៉ុណ្ណោះ ប៉ុន្តែចំរ៉ុងគាត់សួរខ្លួនឯងទៅ តើគាត់មានចំណុចទាំងនោះទេ កុំចេះតែចោទថាខ្ញុំអាក្រក់ ហើយមិនអាណិតកូន គឺខ្ញុំអាណិតហ្នឹងហើយ ដែលខំធ្វើអញ្ចឹង!”។
លោកថាបើកុំតែមានការជំទាស់ពីសំណាក់សមាជិកទាំងអស់នៅក្នុង គ្រួសារ គឺលោកនឹងត្រូវទន់ចិត្តយូរមកហើយ ដើម្បីកុំឲ្យកូនស្រីពិបាកចិត្តនិងកុំឲ្យគេថារឿង រ៉ាវទុំជោរដល់កម្រិតហ្នឹងទៅហើយ នៅតែគ្មានការអធ្យាស្រ័យ។ ប៉ុន្តែលោកថាមកពីរឿងរ៉ាវខាងក្រៅ វាពិបាកឲ្យលោកនិងក្រុមគ្រួសារបន្ទន់ឥរិយាបថទៅកើត ទើបលែងខ្មាស់មហាជន។ លោកបន្តថា៖ “ក្រោយកូនខ្ញុំចូលផ្ទះ វិញ ខ្ញុំប្រាប់កូនខ្ញុំ ថាឥឡូវកូនដឹងហើយថាចំរ៉ុងគាត់យ៉ាងមិច អញ្ចឹងបើកូនរើសគេកូនធ្វើអីជាមួយគេធ្វើទៅ ចង់រៀបការឬយ៉ាងមិចធ្វើទៅប៉ាអត់ជំទាស់ទេប៉ុន្តែ ប៉ាម៉ាក់ក៏អត់ដឹងឮដែរ បើគេថែកូនបានល្អប៉ាអរគុណគេ បើគេធ្វើឲ្យកូនពិបាក ប៉ាម៉ាក់ទទួលកូនមកវិញដៃ២! ហើយគាត់អូខេហើយ គឺគាត់រើសយកចំរ៉ុង អញ្ចឹងចំពោះរឿងរៀបការ ឬរឿងអីពីគាត់សួរពួកគេទៅ ព្រោះពួកខ្ញុំអត់មានអ្នកណាចូលរួមគិតជាមួយទេ!”។ លោកថានឹងត្រៀមទម្លាយរឿងរ៉ាវអាក្រក់ពាក់ ព័ន្ធនឹងហេតុផលដែល នាំឲ្យលោកនិងក្រុមគ្រួសារមិនព្រមទទួលយកលោក ប៉ែន ចំរ៉ុង នៅពេលខាងមុខ។
លោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស នៅតែប្រកាន់ជំហរមិនធ្វើការបកស្រាយនោះទេ បើទោះជាពួកគេបានទម្លាយប្រាប់អ្នកសិល្បៈមួយ ចំនួនថានឹងរៀបការ ជាមួយគ្នានៅដើមឆ្នាំ២០១៦។ប៉ុន្តែយោងតាមអ្វី ដែលលោក ប៉ែន រស់ ជាបងប្រុសរបស់ ប៉ែន ចំរ៉ុង បានបញ្ជាក់គឺអាពាហ៍ពិពាហ៍នោះនឹងត្រូវធ្វើឡើងដោយសារតែមានការសម្រុះសម្រួលពីភាគីខាងស្រី។
លោក អ៊ិន សុភិន ស្នើឲ្យបញ្ឈប់មាក់ងាយលើរូបលោកនិងក្រុមគ្រួសារ ពាក់ព័ន្ធនឹងការមិនទទួលស្គាល់ពីស្នេហានេះបន្តទៀត៕