ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទាក់ទងករណីគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្តាញសង្គម Facebook ថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមដានរកមុខជនគំរាមនោះហើយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា កម្ពុជាកំពុងប្រកាន់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស មានសិទ្ធិក្នុងធ្វើនយោបាយបញ្ចេញមតិ ការប្រមូលផ្តុំ ហើយសកម្មភាពទាំងអស់នេះត្រូវបានលើកកម្ពស់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រង់ មាត្រាទី៤១ ទន្ទឹមនោះក៏បានចែងថា ការប្រើប្រាស់សិទ្ធិនេះមិនត្រូវឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបន្តថា “រឿងខ្លះ យើងរកឃើញ។ រឿងខ្លះ យើងអត់ទាន់រកឃើញទេ។ យើងនឹងបន្តករណីខ្លះដែលរកមិនទាន់ឃើញ”។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីប្រព័ន្ធសន្តិសុខ ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅសណ្ឋាគារអ៊ិនធ័រខន។
គួររំលឹកថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានទទួលការគំរាមសម្លាប់ដោយបង្ហាញនូវរូបភាពគ្រាប់កាំភ្លើងចំនួន៧គ្រាប់ និងកាំភ្លើងខ្លី និងការប្រមាថដោយពាក្យសំដីពីសំណាក់ អ្នកលេងFacebook ឈ្មោះ ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣។ ឈ្មោះ ផែង វណ្ណៈ ត្រូវបានគេដឹង និងស្គាល់ថា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។ភ្លាមៗនោះ គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតជាផ្លូវការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ អំពីករណីជនសង្ស័យគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តាមរយះហ្វេសប៊ុក។
ចំណែកលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា Facebook ដែលគំរាមសម្លាប់លោក កឹម សុខា គឺជារបស់លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃប្រាកដមែន ប៉ុន្តែ Facebook នេះត្រូវបាន Hack នៅក្រៅប្រទេស ដើម្បីសរសេរគំរាមសម្លាប់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក គៀត ច័ន្ទថារិទ្ធ បានអះអាងថា កន្លងមកអគ្គស្នងការដ្ឋានគរបាលជាតិ ធ្លាប់បានកោះហៅ លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ ទៅសួរនាំដែរ ហើយលោក ផែង វណ្ណៈ អះអាងថាលោក មិនបានសរសេរគំរាមសម្លាប់លោក កឹម សុខា។ លោកថា លោក ផែង វណ្ណៈ ស្នើឱ្យសមត្ថកិច្ចត្រួតពិនិត្យការសរសេរនោះឱ្យបានល្អិតល្អន់ ហើយសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ក៏បានស្រាវជ្រាវស៊ីជម្រៅរួចឃើញថា ការសរសេរនោះគឺប្រើប្រាស់ IP អ៊ីនធើណិតនៅក្រៅប្រទេសមិនមែននៅកម្ពុជានោះទេ។
ចំពោះអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា លោកមិនបានចាប់អារម្មណ៍ចំពោះការដាក់ការសង្ស័យទៅលើលោក ផែង វណ្ណៈ ឡើយ ប៉ុន្តែលោកថា ករណីនេះបង្ហាញពីការអនុវត្តច្បាប់ដែលមិនស្មើភាពគ្នាដែរ៖ «ជាការបរាជ័យប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរ ដែលមិនមានភាពស្មើគ្នា គឺមានការរើសអើង»។
យ៉ាងណា លោក គៀត ច័ន្ទថារិទ្ធ នៅតែអះអាងថា អាជ្ញាធរអនុវត្តតាមច្បាប់ ដោយពុំមានការរើសអើងអ្វីឡើយ។៕ដោយ៖ខេមរា