ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ បានបើកសវនាកាជុំនំជម្រះលើសំណុំរឿងឃាតកម្មគិតទុកជាមុន កាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត លើជនជាប់ចោទឈ្មោះ អេង សៀង ដែលជាមនុស្សស្គាល់គ្នាជិតដិតជាមួយជនរងគ្រោះ។
សាវនាការនេះ មានការចូលរួមដោយលោក សេង លាងប្រធានក្រុមប្រឹ ក្សាជុំនំជម្រះ និងលោក អេង សំសារ៉េត អាយ្យាការអមសាលាដំបូងរាជ ធានីភ្នំពេញ។
តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកបន្តអង្គសវនាកាទៅ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ជាមួយគ្នានោះដែរ ប្រពន្ធជនរងគ្រោះបានទាមទារសំណងជំងឺចិត្តពីជនល្មើសចំនួន ១០ម៉ឺនដុល្លារ។
ជនរងគ្រោះដែលស្លាប់ដោយអំពើបាញ់ប្រហារយ៉ាងឃោឃៅនោះឈ្មោះ នូ គឹមសាន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ អតីតមន្ត្រីកងរាជអាវុធហត្ថ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ផង់ ម៉ារី អាយុ ៤២ឆ្នាំ និងកូនចំនួន៥នាក់នៅក្នុងបន្ទុក បច្ចុប្បន្នប្រពន្ធរបស់លោករស់នៅជាស្រីមេម៉ាយរកស៊ីចិញ្ចឹមកូនតូចៗ និងម្តាយចាស់ជរាក្នុងបន្ទុក។
ប្រពន្ធរងគ្រោះដែលចូលរួមក្នុងអង្គសវនាការបានឆ្លើយបំភ្លឺថា គឺនៅក្នុងថ្ងៃកើតហេតុ គឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ប្តីគាត់ (ជនរងគ្រោះ) ត្រូវបានជនជាប់ចោទទូរស័ព្ទទំនាក់ទំនងហៅឲ្យទៅជួបនៅភ្នំពេញ ត្រង់ចំណុចកើតហេតុក្នុង បូរី ឡាយ គង់ ដែលជាផ្ទះជនជាប់ចោទ ដើម្បីទំនាក់ទំនងរឿងការរកស៊ី។
តាមចម្លើយរបស់ជនជាប់ចោទឈ្មោះ អេង សៀង ភេទប្រុស អាយុ ២០ឆ្នាំ បានសារភាពនៅចំពោះមុខអង្គសវនាការថា ខ្លួន (ជនជាប់ចោទ) ពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤។បន្តថា មុនពេលមានការធ្វើឃាតនេះ ជនរងគ្រោះជាអ្នកធ្លាប់រកស៊ីទិញ ប្រម៉ាត់ខ្លាឃ្មុំ ក្រពះកាំប្រម៉ា ខ្នាយជ្រូក និងរបស់ផ្សេងៗទៀត ជាប្រភេទសត្វព្រៃ ជាមួយគ្នាអស់រយៈ២ទៅ៣ឆ្នាំកន្លងមកហើយ។
គួរបញ្ជាក់ផងដែរថា ក្រោយពីណាត់ឲ្យជនរងគ្រោះមកជួបនៅផ្ទះរបស់ខ្លួន (ជនជាប់ ចោទ) បាននិយាយប្រាប់ថា មានជនជាតិចិនត្រូវការមើលវត្ថុទាំងនោះ ប៉ុន្តែដោយចាំយូរពេកជនរងគ្រោះក៏ឡើងលើរថយន្តបំណងចាកចេញ។ភ្លាមៗនោះជនជាប់ចោទបានឃាត់មិនឲ្យជនរងគ្រោះចេញ តែនិយាយគ្នាមិនត្រូវរហូតដល់មានការទាស់ពាក្យសំដីគ្នាទើបជនជាប់ ចោទដកយកអាវុធខ្លីម៉ាក ឡុក ៩៨ ខ្ទប់សំឡេងពណ៌ខ្មៅបាញ់ទៅលើជនរងគ្រោះចំនួន៧គ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅលើរថយន្តតែម្តង។
ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់រួចមក ជនជាប់ចោទបានជិះម៉ូតូធុនធំដើររកទីតាំងយកសពទៅចោល។លុះវេលាយប់ក្នុងថ្ងៃកើតហេតុដដែលជនជាប់ចោទក៏បានដឹកសពជន រងគ្រោះតាមរថយន្តយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍ ក្រុមទី១១ផ្លូវ៥៩៨ ភូមិស្ពានខ្ពស់ ខណ្ឌឬស្សីកែវ រួចរត់គេចខ្លួនដោយនាំយករថយន្តទៅលក់បាត់។ ក្រោយកើតហេតុបានរយៈជាងមួយខែ ទើបជនជាប់ចោទធ្វើជាទៅរកជនរងគ្រោះដល់ផ្ទះ ក៏ត្រូវប្រពន្ធជនរង គ្រោះប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកបន្តអង្គសវនាកាទៅ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ខាងមុខបន្តទៀត បន្ទាប់ពីបានស្តាប់ចំលើយសារភាពរបស់ជនជាប់ចោទ និងការចោទប្រកាន់របស់ដើមបណ្តឹងជាប្រពន្ធជនរងគ្រោះ និងមានការទាមទាសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លាររួចមក៕ដោយ៖រដ្ឋា