កម្ពុជា​-​ថៃ បិទ​ច្រកព្រំដែន​អន្តរជាតិ​ពីរ​ជា​បណ្តោះ​ដោយសារ​ទឹកជំនន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2015 ក+ ក-

បាត់ដំបង​:​កម្ពុជា ថៃ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បានសម្រេច​បិទ​ច្រក​អន្តរជាតិ​ជាប់​ព្រំដែន​ចំនួន​ពីរ ជា​បណ្តោះអាសន្ន ដោយសារ​ជំនន់​ទឹក ភ្លៀង​ជន​លិច ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុ​ផ្សេងៗ​។​

​អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាសថា ច្រក​អន្តរជាតិ​ពីរ​នោះ​មាន ច្រក​អន្តរជាតិ​ដូង និង​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ផ្តាច់​ផ្លូវ អាច​បង្ក​គ្រោះថ្នាក់​ដល់​រថយន្ត​តូច​-​ធំ ដែល​ធ្វើ​ចរាចរណ៍​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន ។​

​ទឹក​ដែល​ជន​លិច​ផ្លូវ​មួយចំនួន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ នេះ មាន​កម្ពស់​ជាង ១​ម៉ែត្រ ចំណែក​អាគារ​រដ្ឋាករ អាគារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​ប៉ុ​ស្ថិ៍​ត្រួតពិនិត្យ​ខាងមុខ​ច្រក ក៏បាន​រង​ការលិចលង់​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ទីនោះ​នាំគ្នា​រើ​អីវ៉ាន់​ទៅរក​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​។​

​គួរ​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នេះ​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ ៤១៤​ខ្នង នៅ​ស្រុក​កំរៀង​រង​ការ​ជន​លិច ដូចជា​ឃុំ តា​សែន ចំនួន ១១២​ខ្នង ឃុំ​ត្រាង ៧៣​ខ្នង ឃុំ​អូរ​ដា ១២៥​ខ្នង ឃុំ​បឹងរាំង ១០០​ខ្នង និង​ឃុំ​កំរៀង ៤​ខ្នង​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​បាន​រង​សម្ពាធ​ទាប​ព្យុះ​ពី​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ហើយ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២១ ខែកញ្ញា​នេះ កម្ពុជា​នឹងរង​សម្ពាធ​ទាប​មួយ ទៀត ដែល​បក់​មកពី​ប្រទេស​ហ្វីលីពីន​។​

លោក​កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា តាម​ទិន្នន័យ​សរុប​នៃ​ផលប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ និង​ជំនន់​ទឹកភ្លៀង​នៅ ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​១៥ ដល់​១៧ កញ្ញា មានផ្ទះ​១៥​ខ្នង ត្រូវ​របើក​ដំបូល​។ លោក​បន្ថែមថា នៅ​ខេត្តកោះកុង មានផ្ទះ​១៧​ខ្នង ត្រូវ​ខ្យល់​បក់​ឲ្យ​របើក​ដំបូល ចំណែក​នៅ​ខេត្តកំពត​ផ្ទះ​ប្រជាជន​ប្រមាណ​៣៦០០​ខ្នង ត្រូវ​ទឹក​ជន់​លិច​និង ដំណាំ​ប្រមាណ​១៥០០​ហិកតា​រង​ការ ខូចខាត​៕ដោយ៖រដ្ឋា

dxsdd

ច្រក​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​(​រូបភាព​ពី​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ​)