ភ្នំពេញ៖ តារាសម្តែង កញ្ញា ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង នឹងរស់នៅជាមួយគ្នាក្រោយពេលពួកគេទទួលបានលិខិតអាពាហ៍ពិពាហ៍ស្របច្បាប់រួចហើយ បើទោះបីជាក្រុមគ្រួសាររបស់កញ្ញាមិនទាន់យល់ព្រមក៏ដោយ។នេះបើតាមការបញ្ជាក់របស់នាង។
កាលពីព្រលប់ថ្ងៃទី១៧ ខែ កញ្ញា តារាសម្តែង កញ្ញា ភិន សុដាលីស ជាកូនស្រីលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានប្រាប់ឲ្យដឺងថា នាង និង លោក ប៉ែន ចំរ៉ុង បានស្នេហាស្រលាញ់គ្នាខ្លាំង។ ហើយនៅក្នុងពេលឆាប់ៗនេះ ពួកគេទាំងពីរនាក់ និងរួមរស់មួយជាមួយគ្នា ក្រោយពីពេលដែលបានទទួលអេតាស៊ីវិលស្របច្បាប់។
បើទោះជាស្នេហានាង និង លោក ចំរ៉ុង បានជួបឧបសគ្គ និងការរារាំង ពីឪពុកកម្រិតណាក៏ដោយ ក៏មិនអាចធ្វើឲ្យស្នេហា ពួកគេបែកបាក់គ្នាបានដែរ។នាពេលកន្លងមកឪពុក ភិន សុដាលីស តែងតែលើកយកមកនិយាយថា លោក ប៉ែន ចំរ៉ុង ជាមនុស្សមិនល្អ មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មិនចេះជួបគ្រួសារខ្ញុំ ជាដើមនោះ ត្រូវបានកញ្ញា ភិន សុដាលីស លើកឡើងថា វាមិនមែនជារឿងពិតទេ បង ចំរ៉ុង មិនមែនជាមនុស្សបែបនោះឡើយ ចំរ៉ុងមិនដែលធ្វើអ្វីមួយ ប៉ះពាល់ដល់គ្រួសារខ្ញុំ ឬបោកលុយគ្រួសារខ្ញុំ អស់រាប់ម៉ឺនឡើយ នាងអត់ដែលឃើញទេ។
កញ្ញា ភិន សុដាលីស បាននិយាយថា “ចំណែករឿងដែលប៉ាគាត់ លើកឡើងថា បងចំរ៉ុង ជាព្រាននារី ក្នុងពិភពសិល្បៈនោះ ខ្ញុំទទួលស្គាល់ថា វាអាចមានខ្លះមែន តែនៅពេលដែលគាត់ បានស្គាល់ និងស្រលាញ់ខ្ញុំគ្រប់យ៉ាង គាត់បានបញ្ឈប់ទាំងអស់ គាត់ឈប់រាយមន្តស្នេហាដាក់អ្នកផ្សេង ចង់និយាយថា ពេលជួបខ្ញុំអ្វីៗត្រូវផ្លាស់ប្ដូឬទាំងអស់ ព្រោះថាខ្ញុំជាមនុស្សស្នេហាពិត ដែលគាត់ចង់សាងគ្រួសារជាមួយ ដូច្នេះគ្មានហេតុផលអ្វី ដែលគាត់ត្រូវធ្វើរឿងបែបនោះទៀតទេ”។
ដាលីសបន្តថា “នៅសល់ពេលប្រហែល១សប្តាហ៍ទៀត ពួកខ្ញុំទាំងពីរនាក់នឹង ទទួលបានអេតាស៊ីវិល ហើយបន្ទាប់មកខ្ញុំនិងគាត់ ប្រហែលជាអាចនឹងរស់នៅផ្ទះជាមួយគ្នា ដាច់ដោយឡែកពីប៉ា ហើយខ្ញុំចង់បញ្ជាក់ថា បើទោះជាគ្មាន ការជួយជ្រោមជ្រែង ពីគ្រួសារខ្ញុំក៏ដោយ ក៏ខ្ញុំនិងបង ចំរ៉ុង អាចរស់នៅជាមួយគ្នា យ៉ាងមានក្តីសុខដែរ”។នេះគឺជាការអះអាងបព្ជាាក់របស់ ភិន សុដាលីស នៅក្នុងពិធីបើកសម្ពោធបញ្ចាំងជាផ្លូវការនូវភាពយន្តមួយមានចំណងជើងថា «វិញ្ញាណ» នៅរោងភាពយន្ត Major Ceneplex ផ្សារទំនើបអ៊ីអនម៉ល កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥៕