ប៉ោយប៉ែត៖ កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ អ្នកសារព័ត៍មាន រួមទាំងមន្ត្រីរាជការផងដែរ បន្ចាប់ពីលោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅផ្ទុះកំហឹងតាមរយះ what’s up ជាមួយនិងលោក ង៉ោ ម៉េងជ្រួន ចៅហ្វាយក្រុងប៉ោយប៉ែត ដែលមានកូតាមកពីគណបក្សកាន់អំណាចដូចគ្នា។
ក្នុងខ្សែអាត់សំឡេងខ្លាំងៗ ហាក់បីដូចជាមានការក្តៅក្រហាយយ៉ាងខ្លាំងណាស់ ចំពោះលោកចៅហ្វាយក្រុងប៉ោយប៉ែតឈ្មោះ ង៉ោ ម៉េងជ្រួន ថា ជាមនុស្សមានសារជាតិខ្មៅងងឹត និងពឹសពុល ហើយមានកលល្បិចពុក រលួយច្រើន ព្រមទាំងបក្ខពួកនិយមទៀតផង។
លោក សាន ស៊ានហូ បានលើកឡើងថា សូមឲ្យអ្នកសាព័ត៍មានទាំងអស់កុំខ្លាច និងអនុញ្ញាតឲ្យមានការផ្សព្វផ្សាយផងដែរ ដោយលោកអះអាងថា ជាការរិះគន់ដើម្បីស្ថាបនា កុំឲ្យចៅហ្វាយក្រុងរូបនោះ ជិះសេះលែងដៃបន្តទៀត។ លោកបន្តថា ចៅហ្វាយក្រុងប៉ោយប៉ែតរូបនេះបានដក តំណែងចៅសង្កាត់តាមទំនើងចិត្ត គឺផ្លាស់ប្តូរអស់ចៅសង្កាត់ចំនួនបីនាក់រួចមកហើយ ហើយការផ្លាស់ប្តូរបែបនេះ ក្នុងជួរគណបក្សប្រជាជនកម្ពុជាពុំដែលធ្លាប់មានទេពីមុនមក។ លោកថា អាចនឹងប៉ះពាល់ដល់សំឡេង ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាក់ជាមិនខាន ដោយលោកសំអាង ថា កាលពីអាណត្តិទី១ (បោះឆ្នោតមេឃុំ និងចៅសង្កាត់) គណៈបក្ស សម រង្ស៊ី ប្តូរមេឃុំតែពីររូបប៉ុណ្ណោះ ចាញ់ឆ្នោតយ៉ាងភ្លូតទឹកភ្លូកដី ចុះបើគណ បក្សប្រជាជនកម្ពុជា ឥឡូវ ប្តូរចៅសង្កាត់រហូតដល់ទៅបីនាក់ឯណោះ មិនដឹងជាចាញ់យ៉ាងណាទៅ ?។
ក្រៅពីរិះគន់រឿងដកចៅសង្កាត់ លោក សាន ស៊ានហូ បានលើកឡើងអំពីភាពអវិជ្ជមាន ជាច្រើនរបស់លោក ង៉ោ ម៉េងជ្រូន ដែលធ្វើជាអភិបាល ក្រុងប៉ោយប៉ែត យូរហើយ ប៉ុន្តែគ្មានឃើញអភិវឌ្ឍន៍អ្វីសោះ ក្រៅតែពីស៊ីញ៉េយកលុយដាក់ចូលហោប៉ៅ បានប្រាក់វ៉ាល់លានដុល្លារអាមេរិក ហើយមិនព្រមធ្វើផ្លូវអោយប្រជាពលរដ្ឋបានធ្វើដំណើរទេ តើពេលស្លាប់ ទៅ យកលុយទៅតាមដែរឬអី ? ។
លោក សាន ស៊ានហូ បានលើកឡើងចំៗដោយមិនសំចៃមាត់ទៀតថា លោកចៅហ្វាយក្រុងប៉ោយប៉ែត បានឃុបឃិតគ្នា លួចដីរដ្ឋចំនួន ៨ហិកតា ដែលលោក និងសពអតីតអភិបាលខេត្តគឺ លោក ទ្រី ណារិន្ទ ខិត ខំរកទុកជាយូរមកហើយនោះ ទំនងជាចៅហ្វាយក្រុងលួចលក់អស់ហើយ។ លោកបន្តថា លោកនឹងរៀបចំដាក់ពាក់បណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើរពុករលួយផងដែរពាក់ព័ន្ឋនឹងករណីខាងលើនេះ។
រឿងដែលធ្វើឲ្យលោកសាន ស៊ានហូ ក្តៅក្រហាយអត់ទ្រាំមិនបាននោះ គឺលោកថា ហៅហ្វាយក្រុងបានជឿលើទីប្រឹក្សាដ៏ពឹសពុលឲ្យបក្ខពួកវាយ កម្ទេចស្លាកឈ្មោះដែលជាអំណោយដ៏សប្បុរសរបស់លោកផ្ទាល់ ដែលខិតខំកសាងសាលាសង្កាត់ ប៉ោយប៉ែត នាពេលកន្លងមក ធ្វើឱ្យម្ចាស់ ជំនួយ កើតការខឹងសម្បារយ៉ាងខ្លាំង ព្រោះគ្រាន់តែស្លាកឈ្មោះ ក៏ត្រូវគេកម្ទេចចោលដែរ។
គួររំលឹកថា លោក សាន ស៊ានហូ ជាអតីតចៅសង្តាត់ប៉ោយប៉ែត កាលពីអាណត្តិទី២ (ក្រុមប្រឹក្សាឃុំសង្កាត់) បច្ចុប្បន្ន ជាអភិបាលស្រុកអូរជ្រៅ ក្នុងការគ្រប់គ្រងដ៍ឈ្លាសវ៉ៃ ស្មោះត្រង់ឥតងាករ៉េ ពីគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យដៃគូប្រឆាំងរបស់លោក គឺបក្សប្រឆាំងបាន ចាញ់ឆ្នោតសឹងរកមួយកៅអីមិនបានក្នុងសង្កាត់ប៉ោយប៉ែតកាលពីជំនាន់លោកកាន់តំណែងជាចៅសង្កាត់។
លោក សាន ស៊ានហូ បានទទួលការគាំទ្រយ៉ាងផុសផុលពីសំណាក់ក្រុម អាជីវករ និងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតពីព្រោះលោកជាអ្នកកសាង និងបានធ្វើកិច្ចការសង្គមយ៉ាងច្រើន។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត មិនអាចសុំការបំភ្លឺបានទេកាលពីម្សិលម៉ិញនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏សារព័ត៍មាន មេគង្គប៉ុស្តិ៍ រង់ចាំផ្សាយជូននូវប្រតិកម្មពីសំណាក់ភាគីម្ខាងទៀតដោយក្តីសោមនស្ស៕ដោយ:ប៊ុន ថេន