ភ្នំពេញ៖នាព្រឹកម៉ិញនេះ មិនមានការជួបប្រជុំរវាងដម្តេច ស ខេង និងលោក សម រង្ស៊ី តាមការគ្រោងទុកនោះទេ គឺមានត្រឹមតែការបញ្ជូនលិខិតស្នើឲ្យមានជំនួបនេះប៉ុណ្ណោះ តែមិនទាន់មានការឆ្លើយតប។
អ្នកពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានជំនួបរវាងលោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគច្រើននៃរដ្ឋសភា និងលោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រសម្លេងសភាគតិចនៃរដ្ឋសភា នៅក្នុងវិមានរដ្ឋសភានោះទេ។ លោកថា អ្វីដែលលោកបានផ្តល់ព័ត៌មានពីជំនួបរវាងមេដឹកនាំទាំងពីរ នៅម៉ោង១០ព្រឹកមិញនោះ គឺជាការភាន់ច្រឡំ។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា នៅព្រឹកនេះនឺងមានប្រជុំរបស់ប្រជានក្រុមតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា ធ្វើលិខិតមួយច្បាប់បញ្ជូនទៅប្រធានក្រុមសម្លេងភាគច្រើននៃរដ្ឋសភា សម្រាប់ជំនួបរវាង លោក ស ខេង និង លោក សម រង្ស៊ី ដែលគ្រោងនឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ ហើយពេលនេះលិខិតនោះត្រូវបានបញ្ជូនទៅហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានប្រាប់អោយដឺងថា លោកពុំបានដឹងអំពីព័ត៌មាន ជំនួបរវាងលោក ស ខេង និងលោក សម រង្ស៊ី នោះទេ។
តាមសេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន នៃរដ្ឋសភា បានជួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចនៃរដ្ឋសភា នាម៉ោង ១០ ព្រឹកថ្ងៃទី២១កញ្ញានេះ។
សូមជម្រាបថា តាមការគ្រោងទុក ជំនួបនេះនឺងពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលនៅសេសសល់ក្នុងការកែប្រែច្បាប់បោះឆ្នោតឃុំសង្កាត់ និងបញ្ហានយោបាយថ្មីៗមួយចំនួនទៀត ដូចជា ករណីចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផងដែរ៕ដោយ៖ខេមរា