នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក ហោ ​ណាំហុង ជា​តំណាង​ចូលរួម​កិច្ច ប្រជុំ​ អ​.​ស​.​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​ភ្នំពេញ​៖លោក ហោ ណាំហុង នឹង​ធ្វើជា​តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន និង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​។​នេះ​បើ​យោងតាម​សេចក្តីជូន ដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែកញ្ញា នេះ​បាន​ជូនដំណឹង​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហោ ណាំហុង នឹង​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​សម្រាប់​អនុម័ត​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ស្តីពី សមភាព​យេនឌ័រ និង​ការលើក កម្ពស់​ស្ត្រី​។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​ទីក្រុង​ញូយ៉ក​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី ២៧ ​ខែ កញ្ញា ឆ្នាំ​២០១៥​។

​លោក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី​៧០ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​ប្រមុខ​ដឹកនាំ​ស្តីពី​ការរក្សា​សន្តិភាព ដែល​រៀបចំ​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន​។​

​សេចក្តីជូនដំណឹង​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋមន្ត្រី​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរ ទេស​អាស៊ាន​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក ជាដើម​។​

​លោក សុខ ឥសាន មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា លោកនាយក​រដ្ឋមន្ត្រី​មិនអាច​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ស្នាក់នៅ​សហរដ្ឋអាមេរិក​បានយូ​រ​ដោយសារ​លោក​មាន​កិច្ចការ​ច្រើន​នៅ​កម្ពុជា​។​

​គួរ​រម្លឹក​ផងដែរ​ថា ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ក៏មាន​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិ បាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គោរព​សិទ្ធិមនុស្ស ធានា​ការបោះឆ្នោត​ឆ្នាំ​២០១៨​ឲ្យ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​ធានាថា មិនមាន​សង្គ្រាម បើទោះបី​មានការ​ផ្លាស់ប្តូរ​អំណាច​ក៏ដោយ​។​

​លោកនាយករ​ដ្ខ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៩​ខែកញ្ញា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​របស់​សាលា​អន្តរជាតិ​ភ្នំពេញ ថា លោក​នឹង​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ តែ​លោក​នឹងមិន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គ ការសហប្រជាជាតិ​នោះទេ​។

លោក​មានប្រសាសន៍ថា​៖ “​ព្រោះ​ខ្ញុំ​ទៅ​អង្គការសហប្រជាជាតិ​លើក​នេះ អាទិត្យ​ក្រោយ នេះ ខ្ញុំ​នឹង​ថ្លែង តែ​ខ្ញុំ​មិនអាច​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន តែ​ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​ពីរ ទាក់ទង​នឹង​ការអភិវឌ្ឍ​សហ​វត្សរ​រ៍​មួយ និង​ការអភិវឌ្ឍ​ស្រី្ត​មួយទៀត ហើយ​ខ្ញុំ​ត្រឡប់មក​ប្រទេស ទុក​ឲ្យ​រដ្ឋមន្ត្រីការបរទេស​(​លោក ហោ ណាំហុង​)​ថ្លែង​នៅក្នុង​មហា សន្និបាត​អង្គការសហប្រជាជាតិ​បន្តទៅទៀត​”​។​

​តាមរបៀប​វារ​:​នៃ​ការប្រជុំ​របស់​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកញ្ញា នឹងមាន​កិច្ចប្រជុំ​កំពូល​សម្រាប់​ការអនុម័ត​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្រោយ ឆ្នាំ​២០១៥ ហើយ​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​នៃ​សម័យប្រជុំ​លើក​ទី​៧០ របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​ប្រជាជាតិ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ពេលនោះ លោក​បាន​ថ្លែងថា​ បញ្ហា​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ ត្រូវបាន​ការពារ​យ៉ាង​ពេញទំហឹង​។​

​លោក ជេ រ៉ា​មែន​(Jay Raman) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​បដិសេធ​ការអត្ថាធិប្បាយ និង​ឲ្យ​បង្វែរ​សំណួរ​នេះ​ទៅ​មន្ត្រី​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​វិញ ចំពោះ​ថា​តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​សហរដ្ឋ អាមេរិក​ដែរ​ឬ​យ៉ាងណា ? ៕​ដោយ​៖ខេមរា​

mkjkkk