ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លុបឈ្មោះ ថោង សារ៉ាត់ ចេញពី​ក្របខណ្ឌ​កងទ័ព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​ភ្នំពេញ​៖ព្រះករុណា​ព្រះមហាក្សត្រ​ខ្មែរ បាន​ត្រាស់បង្គាប់​ឲ្យ​លុបឈ្មោះ​ឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការចោទ ប្រកាន់​ពី​ការ​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នាពេល​កន្លងមក ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ដែល​ចុះ​ថ្ងៃទី​១០ ខែសីហា កន្លងមក ហើយ​ មេគង្គ​ប៉ុស្តិ៍ ទើប​ទទួលបាន​នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែកញ្ញា នេះ បាន​ឲ្យ​ដឹងថា ព្រះករុណា​ព្រះអង្គ​ទ្រង់​ត្រាស់បង្គាប់​លុបឈ្មោះ​ឧ​ត្ត​ម សេនីយ៍​ទោ​(​ផ្កាយ​ពីរ​)​ថោង សារ៉ាត់ ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ។​ក្នុង​ព្រះរាជក្រឹត្យ​នោះ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ ឡាយ​ព្រះ​ហ​ត​ស្ត​លេខា​តទៅ​។

​គួររម្លឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​លោក ថោង សារ៉ាត់ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។ តុលាការ​ក៏បាន​ចោទ​លោក ថោង សារ៉ាត់ ពីបទ​ផ្តើម គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ​ផងដែរ​។ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​សម្រេច​យ៉ាងណា​ករណី​លោក ថោង សារ៉ាត់ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​នោះទេ​។

ថោង សារ៉ាត់ ក៏​ធ្លាប់បាន​អំពាវនាវ​យ៉ាងទទូច​សុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ដោយ​ចាត់ទុកថា​នេះ​ជា​ករណី​ទម្លាក់ កំហុស ដើម្បី​រំលាយ​គ្រួសារ​របស់លោក​។​

​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ ភរិយា​របស់​ថោង សារ៉ាត់ រួមជាមួយ​ក្រុម គ្រួសារ​អង្គរក្ស​របស់លោក ថោង សារ៉ាត់ បាន​ស្រែក​ទ្រហោយំ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ ដោយ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ដោយ​អះអាងថា​ស្វាមី​របស់ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទ ប្រកាន់​នោះឡើយ​។​

​យោងតាម​មាត្រា​ច្បាប់ ប្រសិនបើ​តុលាការ​បាន​ស៊ើបអង្កេត​រកឃើញ​ដូច​ការចោទប្រកាន់​នោះ​មែន ថោង សារ៉ាត់ ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទា ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕​ដោយ​៖រដ្ឋា​
mn81