ភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីឲ្យបកស្រាយចំពោះការប្រៀបធៀបរូបលោកទៅនឹងអតីតប្រធានាធិបតីរបស់លីប៊ីយ៉ា លោក ហ្គាដាហ្វី( Muammar Gaddafi )។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងសន្និបាតបូក សរុបចលនាប្រឡងប្រណាំង”រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ ដែលធ្វើឡើងនៅសណ្ឋា គារសុខា រាជធានីភ្នំពេញនារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា នេះ។
គួរជម្រាបថា លោកGaddafi ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំនៃប្រទេសអារ៉ាប់ដែលគេហៅថាជាជនផ្ដាច់ការលីប៊ី ហើយត្រូវបានផ្ដួលរំលំដោយបដិវត្តន៍មហាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសថ្លែងប្រាប់អង្គសន្និបាតថា លោក សម រង្ស៊ី បានប្រាប់កាសែតបរទេសមួយ ដោយបានប្រៀប ធៀបរូបលោកដូចមេដឹកនាំGaddafi។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ “អ្នកឯងចង់និយាយថាម៉េច ជោគវាសនាដូច Gaddafi? មានន័យថាម៉េច ? ផ្តល់នូវការបកស្រាយសមរម្យ។ នោះមិនមែនជាការផ្លាស់ប្តូរដោយការបោះ ឆ្នោតទេ តែជាការផ្លាស់ប្តូរដោយសង្គ្រាម ហើយបើអ្នកធ្វើសង្គ្រាម មាន រឿងអីដែលខ្ញុំទុកឲ្យអ្នកឯងវាយខ្ញុំតាមចិត្ត”។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្តថា៖ “ខ្ញុំនិយាយឲ្យច្បាស់ ប្រាប់អ្នកឯង ឲ្យសារទៅអ្នកឯងឲ្យច្បាស់ អ្នកឯងត្រូវមានការបកស្រាយមួយសមស្រប ដើម្បីធានាកិត្តិយសខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ អត់មាននិយាយលេង សើចទេ អត់មានរឿងលេងសើចទេ។ ន័យយ៉ាងម៉េចដែលថាដើម្បីចាប់ ចោរបាន ទាល់តែចូលគៀកមេចោរ ន័យហ្នឹងយ៉ាងម៉េច និយាយឲ្យច្បាស់មក ” ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់ទុកការថ្លែងរបស់លោកសម រង្ស៊ី ជា”ភាសាព្រហើន និងសាហាវដូចសត្វអសិរពិស”។ លោកបានអះអាងថា លោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការប្រើវប្បធម៌សន្ទនា ដោយលោកថាធ្វើល្អជាមួយលោក តែឲ្យមនុស្សមកធ្វើសកម្ម ភាពបំផ្លាញរូបលោក។ លោកក៏បានលើកឡើងថាលោក សម រង្ស៊ី បានកេងចំណេញលើក្រុមគ្រួសាររបស់លោកផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា រហូតមក ដល់ពេលនេះ គណបក្សសង្គ្រោះជាតិលែងមានអ្វីតថ្លៃជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។ លោកមានប្រសាសន៍ថា៖ “បើគ្មានការបក ស្រាយណាមួយទេ គឺអ្វីដែលអ្នកឯងចង់បានគឺអត់ ម៉ោងនេះហើយគ្មានសល់អ្វី សន្លឹកបៀអាត់ណាមួយ ដើម្បីតថ្លៃនោះទេ។ អស់ហើយ”។
គួររម្លឹកថា នៅថ្ងៃទី២៣ខែកញ្ញា ស្អែកនេះ លោក សម រង្ស៊ី នឹងជួបជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ដើម្បីពិភាក្សាលើការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ៕ដោយ៖ខេមរា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសសន្និបាតបូកសរុបចលនាប្រឡងប្រណាំង”រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ ដែលធ្វើឡើងនៅសណ្ឋា គារសុខា រាជធានីភ្នំពេញនារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា នេះ។