សាលា​វិចិត្រសិល្បៈ​នឹង​ផ្លាស់​ទីតាំង​ទៅ​តំបន់​ជ្រោយចង្វា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​ភ្នំពេញ​៖​ក្រសួង​វប្បធម៌​នឹង​ផ្លាស់ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ សិល្បៈ​ទៅកាន់​តំបន់​ជ្រោយចង្វា​ត្រើយ​ខាងកើត​វិញ ដើម្បី​បាន​ទីតាំង​ធំ​ទូលាយ និង​យក​ទីតាំង​ចាស់​របស់​សា​លក​វិទ្យាល័យ​នេះ​សម្រាប់​ពង្រីក​សារមន្ទី​ជាតិ​។​

​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក ញ៉ែម បុញ្ញា​ឬ​ទ្ធិ ដែល​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែកញ្ញា នេះ​។​
​លោក ថៃ នរៈ​សត្យា បញ្ជាក់ថា ការផ្លាស់ប្តូរ​ទីតាំង​សាលា ”​ជាការ​គិត​ដ៏​ត្រឹមត្រូវ និង​ផ្លូវការ​មួយ​” ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់​លម្អិត​ពី​ពេលវេលា​នៃ​ការផ្លាស់ប្តូរ​ទីតាំង និង​គម្រោង​លម្អិត​នៃ​ការអភិវឌ្ឍ​នោះទេ គឺ​រង់ចាំ​ដល់​មានការ​បញ្ចុះបឋមសិលា នោះ​នឹង​ក្លាយជា​ផ្លូវការ​ហើយ​។​

លោក​យ៉ែម បុញ្ញា​ឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ មានប្រសាសន៍ថា​ លោក​នឹងសិក្សា​បន្តទៀត​ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការផ្លាស់ប្តូរ​ទីតាំង​របស់​សាកលវិទ្យាល័យខាងលើ​នេះ​។​

ទោះជា​យ៉ាងនេះក្តី  អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អះអាងថា ក្រសួង​នឹង​រក្សា​ដី​របស់​សាលា​ទៅ​ពង្រីក​សារមន្ទីរ​និង​ធានា​មិន​ឲ្យ​បាត់បង់​ដី​នោះទេ “​ទីនេះ​នឹង​ថែរក្សា​មិន​ឲ្យ​បាត់បង់​មួយ​ចំរៀក​ណា​ទៅ​ដៃ​ឯកជន​ទេ គឺ​ស្ថិត​នៅតែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​។ សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ទាំង​អ្នកសារព័ត៌មាន​និង​សាធារណជន​បាន​ត្រជាក់​នៅក្នុង​ចិត្ត​ចុះ​” ៕ ដោយ​៖រដ្ឋា​

sxdzxxx