ភ្នំពេញ៖ស្ត្រីមានគភ៌គ្រប់ខែម្នាក់បានស្លាប់រួមទាំងទារកក្នុងផ្ទៃ ខណៈ សម្រាលកូននៅមន្ទីរពេទ្យ ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ម្សិលម៉ិញនេះ។
សាច់ញាតិស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគេបានស្លាប់ទាំងម្ដាយទាំងកូន បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យរុស្សីអស់រយៈពេលជាង ១២ម៉ោង រួចមក។ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៩:០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥។
ប្រភពបន្តថា ស្ត្រីរងគ្រោះឈ្មោះ ម៉េន សុខាវី អាយុ៣៤ឆ្នាំ រីឯប្តីឈ្មោះ អ៊ុត សុភ័ក្ត្រ អាយុ៤៥។ ប្ដីប្រពន្ធនេះមានទីលំនៅផ្ទះលេខ ១២២ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក អ៊ុត សុភ័ក្ត្រ ជាប្តីស្ត្រីរងគ្រោះបានបញ្ជាក់ថា ប្រពន្ធរបស់លោកបានឈឺពោះសម្រាលកូន ហើយត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ ខ្មែរ-សូវៀត កាលវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ លុះមកដល់០៩:០០នាទីយប់ ថ្ងៃដដែល ក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យនេះ បានប្រាប់លោកថា ប្រពន្ធរបស់លោកបានស្លាប់ហើយ គឺស្លាប់ទាំងម្តាយ និងកូន ធ្វើឲ្យលោករន្ធត់ចិត្តយ៉ាងខ្លាំង។
លោក អ៊ុត សុភ័ក្ត្រ បញ្ជាក់ថា ករណីនេះសង្ស័យថា ក្រុមគ្រូពេទ្យធ្វេស ប្រហែសក្នុងពេលបង្កើតទើបបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រពន្ធ និងកូនប្រុស របស់លោកយ៉ាងអាណោចអាធម៌បែបនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមានការទម្លាយព័ត៌មាននៃការ ស្លាប់ទាំងម្តាយ និងកូន ដោយសារការសម្រាលកូនបានកើតឡើងនៅមន្ទីរពេទ្យខាងលើនេះ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញ នៃសាលារាជធានីភ្នំពេញបានចុះធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវពីមូលហេតុពិតដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែរហូតមកទល់នឹងរសៀលថ្ងៃដដែលនេះ មិនទាន់មានរបាយការណ៍ពិស្តាស្តីពីការស្លាប់នោះនៅ ឡើយទេ៕ដោយ៖រដ្ឋា