ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួប ពិភាក្សាតាមរបៀបវារៈមួយចំនួនដូចការគ្រោងទុក នៅវិមានរដ្ឋសភាជាតិ នាល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ បើទោះបីជាស្ថានការណ៍នយោបាយកំពុងឡើងកម្តៅក៏ដោយ។
នៅវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង តំណាងសំឡេងភាគច្រើន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិតំណាងសំឡេងភាគតិច បានជួបគ្នានៅវិមានរដ្ឋសភា ដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួនដែលនៅសេសសល់ និងមិនទាន់ឯកភាពគ្នារវាងក្រុមការងារនៃគណបក្សទាំងពីរមានដូចជា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំសង្កាត់ និងចំណុចខ្វែង គំនិតគ្នាមួយចំនួនទៀតក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
គួរជម្រាបថា សមាសភាពខាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មានម្ខាងៗចំនួន៥ រូប ៖ ខាងគណបក្សប្រជាជនកម្ពុជា រួមមានៈ លោក ស ខេង លោក គាត ឈន់ លោកស្រី ម៉ែន សំអន លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ ។ចំណែកខាងគណបក្សសង្គ្រោះជាតិ មានដូចជាៈ លោក សម រង្ស៊ី លោក កឹម សុខា លោកយឹម សុវណ្ណ លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លទ្ធផលនៃជំនួបរវាងលោកឧបនាយក រដ្ឋមន្ត្រី ស ខេង និងលោក សម រង្ស៊ី ទទួលបានផ្លែផ្កាល្អប្រសើរក្រោយពីបានពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតឃុំសង្កាត់ និងចំណុចខ្វែងគំនិតគ្នាមួយចំនួនក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងនៃគណបក្សទាំងពីរ។ប្រភពបន្តថា កិច្ចការដែលនៅសេសសល់មានប្រមាណ ៥ចំណុចទៀតប៉ុណ្ណោះដែលត្រូវពិភាក្សាបញ្ចប់ជាស្ថាពរហើយ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក សម រង្ស៊ី មិនបានថ្លែងប្រាប់អ្នកកាសែតដោយផ្ទាល់នោះទេ។
តំណាងឲ្យគណបក្សទាំងពីរគឺលោក សក់ សេដ្ឋា និង លោក យឹម សុវណ្ណ បានធ្វើសន្និសីទកាសែតបន្ទាប់ពីផ្អាកការពិភាក្សាថា កិច្ចពិភាក្សាអំពីការ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំសង្កាត់ ទទួលបានលទ្ធផលល្អប្រសើរ ។លោកបន្តថា នៅសល់តែ ៥ចំណុចទៀតប៉ុណ្ណោះ ដែលមានប្រមាណតែ២ភាគរយក្នុងចំណុចទាំង៥ មានដូចជា ទី១-យុទ្ធនាការហែក្បួន ទី២-ការលើកស្លាកគណបក្សនៅតាមទីសាធារណៈ ទី៣-រយៈពេលនៃការ ឃោសនាបោះឆ្នោត ទី៤-ពាក់ព័ន្ធទោសបញ្ញត្តិ និងទី៥-ការដាក់ពិន័យ។
ប្រភពបន្តថា កិច្ចពិភាក្សានេះ មិនបាននិយាយដល់ពិរុទ្ធភាពនៃសកម្មជន របស់គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនោះទេ ប៉ុន្តែតំណាងបក្ស ទាំងពីរបានបញ្ជាក់ថា កាលបរិច្ឆេទនៃជំនួបដូចគ្នានេះនឹងបន្តជាថ្មីទៀតនៅសប្តាហ៍ក្រោយ។
គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិជាថ្មីឲ្យបកស្រាយចំពោះការប្រៀបធៀបរូបលោកទៅនឹងអតីតប្រធានាធិបតីរបស់លីប៊ី លោក ហ្គាដាហ្វី( Muammar Gaddafi ) ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបារាំង។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ “ខ្ញុំនិយាយឲ្យច្បាស់ ប្រាប់អ្នកឯង ឲ្យសារទៅអ្នកឯងឲ្យច្បាស់ អ្នកឯងត្រូវមានការបកស្រាយមួយសមស្រប ដើម្បីធានាកិត្តិយសខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ អត់មាននិយាយលេង សើចទេ អត់មានរឿងលេងសើចទេ។ ន័យយ៉ាងម៉េចដែលថាដើម្បីចាប់ ចោរបាន ទាល់តែចូលគៀកមេចោរ ន័យហ្នឹងយ៉ាងម៉េច និយាយឲ្យច្បាស់មក ” ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា រហូតមក ដល់ពេលនេះ គណបក្សសង្គ្រោះជាតិលែងមានអ្វីតថ្លៃជាមួយគណបក្សប្រជាជនកម្ពុជា នោះទេ។ លោកមានប្រសាសន៍ថា៖ “បើគ្មានការបក ស្រាយណាមួយទេ គឺអ្វីដែលអ្នកឯងចង់បានគឺអត់ ម៉ោងនេះហើយគ្មានសល់អ្វី សន្លឹកបៀអាត់ណាមួយ ដើម្បីតថ្លៃនោះទេ។ អស់ហើយ”។
ទោះបីជាបញ្ហានយោបាយនាពេលថ្មីៗនេះ ត្រូវគេមើលឃើញថាបានឡើងកម្តៅដោយសារលោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតបារាំងដោយប្រៀបធៀបលោកនាយករដកឋមន្ត្រី ហ៊ុន សែន ថាមានវាសនាដូចអតីតមេដឹកនាំលីប៊ីលោក ហ្គាដាហ្វី យ៉ាងណាក្តី ក៏គម្រោងជួបពិភាក្សារវាងលោក សម រង្ស៊ី ជាមួយលោក ស ខេង ដើម្បីពិភាក្សាលើការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ បានប្រព្រឹត្តទៅជាធម្មតាកាលពីរសៀលថ្ងៃទី២៣ កញ្ញា នេះ៕ដោយ៖ខេមរា