តារាចម្រៀង សួស សង​វាចា ត្រឡប់ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជោ​រ៉ៃ ភ្នំពេញ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2015 ក+ ក-

ភ្នំពេញ៖​តារាចម្រៀង​វ័យ​ជាង​៥០​ឆ្នាំ លោក សួស សង​វាចា ត្រូវ​ក្រុម គ្រួសារ​បញ្ជូនទៅ​កាន់​ប​ន្ទ​ប់​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ ជោ​រ៉ៃ នា​រាជធានីភ្នំពេញ​វិញ​ភ្លាមកាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា នេះ បន្ទាប់​ត្រឡប់​មកពី​ព្យាបាល​នៅ​ប្រទេស​វៀតណាម​វិញ បោះទោះបីជា​អាកា​រៈជំងឺ​មាន​ស្ថានភាព​ធូរស្រាល​យ៉ាងណាក្តី​។​

ស្ថានភាព​របស់លោក​នៅ​មិនទាន់មានការ​ប្រែប្រួល​ច្រើន​ទេ ប៉ុន្តែ​លោក​អាច​នឹងមាន​សង្ឃឹម​ដើរ​បាន ហើយ​រួចផុត​ពីពិការភាព​នៅ​៦​ខែក្រោយ​ពីការព្យាបាលដោយប្រើថ្នាំ។​

អ្នកស្រី វ៉ាន់ សុភា ជា​ភរិយា​របស់លោក​បាន​ថ្លែងប្រាប់​ខ​ណៈ​ក្រុម​សមាគម​សិល្បករ​ខ្មែរ​ទៅសួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ថា ក្រោយ​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​វៀតណាម​១២​ថ្ងៃ​រួចមក ស្វាមី​របស់ខ្លួន​មាន​អាកា​រះ​ធូរស្រាល​ជាង​មិន​បន្តិច​។ ប៉ុន្តែ​ស្ថានភាព​រាងកាយ នៅតែ​កម្រើក​មិនបាន​មួយ​ចំហៀង​ខាង​ធ្វេ​ង​ដដែល​។​អ្នកស្រី​បន្តថា ក ដៃ​របស់លោក សួស សង​វាចា ចាប់ផ្ដើម​មាន​ចលនា​ឡើងវិញ​តិចៗ​វិញ​ហើយ ៗ​លោក​ក៏​អាច​អង្គុយ​បាន​មិន​ដូច​កាលពីមុន​ទេ ដែល​ត្រូវការ​អ្នក​អង្គុយ​ទប់​។

គ្រូពេទ្យ​ប្រាប់​អ្នកស្រី​ថា បញ្ហា​គឺ​ឈាម​ដែល​កក​នៅក្នុង​សរសៃឈាម​ខួរក្បាល​នៅ​មិនទាន់​រលាយ ហើយ​មិនអាច​ប្រើ​មធ្យោបាយ​វះកាត់​ដើម្បី​យកចេញ​។ អ្នកស្រី​មានប្រសាសន៍ថា​៖ “​ឈាមកក​ហ្នឹង ពេទ្យ​ថា បើ​វះកាត់​វា​ផ្សងព្រេង​ណាស់ អញ្ចឹង​ទើប​ពួកគាត់​ឲ្យ​ប្រើ​ថ្នាំ​ចាក់ និង​ប្រើ​ថ្នាំ​ឲ្យ​វា​រំលាយ បើទោះជា​ប្រើពេល​យូរ ប៉ុន្តែ​វា​អាចជួយ​គាត់​មិន​ឲ្យ​គ្រោះថ្នាក់​ដូច​ការវះកាត់​!”​។​

​អ្នកស្រី​បញ្ជាក់ថា រយៈពេល​៦​ខែក្រោយ ឈាមកក​នៅក្នុង​ខួរក្បាល​នឹង​រំពឹងថា​ត្រូវបាន​រំលាយ ហើយ​ជួយ​ឲ្យ​លោក​សួស សង​វាចា ត្រឡប់មក​ដើរ​ដូចដើម ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ក្ដី​សង្ឃឹមទុក​ប៉ុណ្ណោះ​។ អ្នកស្រី​មាន ប្រសាសន៍ថា​៖ “​ពេទ្យ​ថា​ថ្នាំ​ហ្នឹង​៦​ខែក្រោយ​នឹងធ្វើ​ឲ្យ​ឈាមកក​ក្នុង ក្បាល​គាត់​រលាយ ប៉ុន្តែ​ពេទ្យ​អត់​មាន​ធានា​ទេ ព្រោះ​អា​ណឹ​ង​វា​មិន​ខុសពី​វះកាត់​ទេ គឺ​គេ​ឲ្យ​យើង​ចាំមើល​លទ្ធផល​ដូច​តែ​គ្នា​ហ្នឹង​!”​។​

​លោក ទុំ សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក ប្រធានកិត្តិយស​សមាគម​សិល្បករ​ខ្មែរ​ដែល​បាន​ពាំនាំ​ថវិកា​សមាគម​ជាង ៦០០​ដុល្លារ យកទៅ​ជូន​ដល់​លោក សួស សង​វាចា បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា លោក សួស សង​វាចា គឺជា​តារា​សិល្បៈ​មួយរូប​ដែលមាន​ស្នាដៃ​ជាច្រើន​នៅក្នុង​សិល្បៈ​។

លោ​កបន្តថា ​សមាគម​សិល្បក​រ​ខ្មែរ​នឹង​បន្ត​ស្វែងរក​សប្បុរសធម៌​តាម​ដែល អាចធ្វើ​ទៅបាន ជួយ​ជ្រោមជ្រែង​ដល់​តារាចម្រៀង​រូបនេះ​ក្នុងពេល​បន្តបន្ទាប់ រហូត​ទាល់តែ​លោក​សួស សង​វាចា អាច​ដើរ​បាន​និង​បន្ត​អាជីព​ជា​អ្នកចម្រៀង​ដូចដើម​៕ដោយ៖រដ្ឋា

gbvhgg