ជលផលខេត្ត​បើកដៃ​ឲ្យ​យួន​ចូលមក​នេសាទ​ខុសច្បាប់​នៅក្នុង​ស្រុក​អង្គ​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2015 ក+ ក-

ខេត្តតាកែវ : ក្នុងពេលដែល​ជំនាញ​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្តតាកែវ​មិនបាន​បកស្រាយ​ពី​បញ្ហា​បទល្មើស​នេសាទ​នោះ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បានបញ្ជាក់​ថា ជនជាតិ​យួន​ដែល​បានមក​នេសាទ​ល្មើសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរបុរី ត្រូវគេ​ស្គាល់​មេខ្លោង​ដែលជា​អ្នកកាង​រត់ការ​ចូល​នេសាទ គឺ​ឈ្មោះ ង្វៀង ណុ​ក បាន​ប៉ាវ​ផ្តាច់​ក្នុងការ​រត់ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​ពី​លេខ​១០​ដល់​លេខ​១៣​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មោះ ណុ​ក បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា ក្នុង​មួយ​ទូក​រត់ការ​គ្រប់​សមត្ថកិច្ច ទាំងអស់ តាំងពី​ថ្នាក់ស្រុក​ដល់​ខេត្ត និង​នាយកដ្ឋាន​ជលផល ត្រូវ​ចំណាយ​ចាប់ពី​៨០០​ដុល្លារ ទៅ​១០០០​ដុល្លារ ឯណោះ ទើប​អាច​ចូលមក​ធ្វើការ​នេសាទ​បាន​រហូត​ដល់ពេលនេះ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។​

ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បាន​រៀបរាប់​ឲ្យ​ដឹង​ក្នុងថ្ងៃនេះ​ថា ជនជាតិ​យួន​បាន​ប្រើ​ស្បៃ​មុង​បង្កប់​នូវ​ដុំ​ឆក់​ភ្លើង​អាគុយ កៀរ​ទាំង​ត្រី​គ្រប់​ប្រភេទ​ទៀតផង ហើយក៏​នៅមាន​ឧបករណ៍​ល្មើស​ក្នុង រដូវ​បិទ​ការនេសាទ​នេះ​ដូចជា លប​ត្រី​កេស លប​ត្រី​ក្លាំងហាយ លប​ត្រី​រ៉ស់ និង​លប​បង្កង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​យួន​បាន​បំផ្លាញ​នូវ​ធនធានធម្មជាតិ​គ្មាន​សល់​នោះទេ ព្រោះ​ពួកគេ​គិតថា​ទឹកដី​ខ្មែរ​មិនមែន​ទឹកដី​គេ​ដែល​ត្រូវ​ខ្វាយខ្វល់​ពី​ធនធានធម្មជាតិ​នៅពេល​អនាគត​។

​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បានបញ្ជាក់​ទៀតថា អ្នកនេសាទ​ជនជាតិ​យួន​បានដាក់​លប​ក្តាម ខ្យង អន្ទង់ ដោយ​សុទ្ធតែ​ប្រើ​ថ្នាំ​ដាក់ ហើយ​ដួស​ដាក់​ពេញ​ទូក​ដឹកជញ្ជូន​ចូលទៅ​ប្រទេស​របស់​ពួកគេ​វិញ ដោយ​គ្មាន​ការហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល​នោះឡើយ​។​

​ប្រជា​នេសាទ​ខ្មែរ​រស់នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រដូវ​ទឹក​ឡើង នា​រដូវ​បិទ​ការនេសាទ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នេសាទ​មិន​បានទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​ហាមឃាត់ តែបើ​អ្នកនេសាទ​ជនជាតិ​យួន​រាប់រយ​ទូក​ចូលមក​បោះទីតាំង​ស្នាក់​នៅតាម​បឹងបួ ហើយ​ធ្វើ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ល្មើសច្បាប់​ទាំងស្រុង​នោះ សមត្ថកិច្ច​ខ្មែរ​បែរជា​សហការ​រីករាយ​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សូម​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​និង​មន្ត្រីក្រោមឱវាទ​គួរ​ត្រួតពិនិត្យ​បញ្ហា​នេះ​ផង ដោយ​មិនត្រូវ​គិតតែ​ពីមុខ​មាត់​ផល​ប្រ​យោ​ជ៍​ផ្ទាល់ខ្លួន​ពេល​ចែក​អំណោយ​បន្តិចបន្តួច​ដល់​ប្រជាពលរដ្ឋ​ហៅ​អ្នកសារព័ត៌មាន​ទៅ​ថត​ដើម្បី​យកចិត្ត​ថ្នាក់ដឹកនាំ​កំពូលៗ តែបើ​បទល្មើស​កើត​នៅ​ថ្នាក់​ខេត្ត​បែរជា​គ្មាន​សមត្ថភាព​ដោះស្រាយ​ទៅវិញ​៕ ភិរម្យ​

cvgfyy