តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​ជន សង្ស័យ​ម្នាក់ទៀត​ជាប់​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

បាងកក៖​តុលាការ​ថៃ​កាលពី​ថ្ងៃទី​២៣​កញ្ញា​បានចេញ​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃទី​១៧​សីហា បណ្តាលឱ្យ​មនុស្ស​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​១២០​នាក់​រងរបួស​។​
​តាម​ដីកា​បាន​បញ្ជាក់ថា ជនសង្ស័យ​រូបនោះ​អាយុ​៣០​ឆ្នាំ ភេទ​ប្រុស ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទិញ​សម្ភារៈ​បង្កើត​គ្រាប់បែក​នៅ​តំបន់ Klongton តាំងពី​ថ្ងៃទី​០៤​ខែសីហា ពោលគឺ​ថ្ងៃមុន​បំផ្ទុះ​គ្រាប់បែក​២​អាទិត្យ​។​
​ទោះបី​យ៉ាង​ក្តី​ប្រធាន​ប៉ូលីស​ថៃ​លោក Srivara បាន​អះអាងថា ជនសង្ស័យ​ដែល​កំពុង​តាម​ចាប់ខ្លួន​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ គឺ​គ្រាន់តែ​ឃើញ​ក្នុង​កាមេរ៉ា​ប៉ុណ្ណោះ មាន​សក់​ខ្លី ហើយ​ចេះ​និយាយ​ភាសា​ថៃ​ទៀត​។ លោក​Srivara​អះអាង​ទៀតថា ជនសង្ស័យ​នេះ តុលាការ​ថៃ​បាន​ចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​។ ដូច្នេះ​ប៉ូលិស​ថៃ​អះអាងថា បុរស​នេះ​ពិតជា​ចូលរួម​នឹង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ពិតមែន​។ តែ​យ៉ាងណាក្ដី តុលាការ​ថៃ​បញ្ជាក់​ហើយ​ថា នឹងត្រូវ​តាម​ចាប់ខ្លួន​និង​សួរចម្លើយ​រួមទាំង​ស៊ើបអង្កេត​ជាមុនសិន​ទើប អាច​កាត់ទោស​បាន​។
​គួររម្លឹកថា អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២៣​កញ្ញា​ក៏បាន​ចាប់ខ្លួន​មនុស្ស​៨​នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈ​បូជា Erawan​ក្នុង​ក្រុង​បាងកក​ដែរ​។
​គួរ​បញ្ជាក់ថា នេះ​ជា​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទី​១៤​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែកនៅ​ទីសក្ការៈ​Erawan ក្នុង​ទីក្រុង​បាងកក​៕

150817101052-07-bangkok-blast-0817-super-169