រុស្ស៊ី៖យោធាអាកាសរបស់រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រតិបត្តិការកម្ទេចរដ្ឋឥស្លាមជ្រុលនិយម ISIS ក្នុងប្រទេសស៊ីរី ប្រសិនបើមិនមានវត្តមានសហរដ្ឋអាមេរិកចូលរួមទេនោះ។ តាមប្រព័ន្ធផ្សព្វផ្សាយស៊ីរីមួយចំនួនរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ី កំពុងតាមដានទីតាំងឈរជើងរបស់សកម្មប្រយុទ្ធ ISIS ជុំវិញព្រលានយន្តហោះយោធា Kwers ក្នុងទីក្រុងអាឡេប៉ូ។
បើយោងទៅតាមសេចក្ដីរាយការណ៍ចុងក្រោយបំផុតថា យន្តហោះរុស្ស៊ីមានចំនួន២៨គ្រឿងបានបញ្ឈរជើងនៅស៊ីរីរួចជាស្រេច។ ឯរបាយការណ៍របស់សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកពូទីន ចង់ធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមនឹងសម្ព័ន្ធមិត្តរុស្ស៊ី ដូចជាអ៊ីរ៉ង់ និងកងទ័ពរដ្ឋាភិបាលស៊ីរី ក្នុងការប្រឆាំងនឹងរដ្ឋឥស្លាមផងដែរ។ ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកដែលបានកំពុងបើកការវាយប្រហារស្រាប់ បានប្រឆាំងនឹងរបបប្រធានាធិបតីស៊ីរីជានិច្ច។
ដោយឡែកលោក ចន ឃ៊ែរី បានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា យោធារុស្ស៊ីបានគាំទ្រប្រធានាធិបតី អាល់ អាសាដ ដែលអាចធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកើនឡើងជាមួយកងកម្លាំងសម្ព័ន្ធមិត្តអាមេរិកប្រឆាំងនឹងរដ្ឋឥស្លាមនៅទីនោះដូចគ្នា៕
រុស្ស៊ីនឹងកម្ទេចក្រុម ISIS បើមិនមានវត្តមានអាមេរិក