ខេត្តក្រចេះ៖សមត្ថកិច្ចចម្រុះខេត្តក្រចេះ បានចាប់ឃាត់រថយន្តយីឌុបមួយគ្រឿងរបស់ឧកញ៉ា សី នាយកក្រុមហ៊ុន ពេជ្រ ឬទ្ធសី និងចាប់អ្នក បើកបរដាក់ខ្នោះ ក្រោយពីបានត្រួតពិនិត្យឃើញថា លួចដឹកជញ្ជូនឈើប្រណីតពេញប្រៀបដាក់បង្កប់នៅក្រោមឈើជំនៀរគ្មានច្បាប់ទម្លាប់ ហើយបន្លំបើកបរ ចូលជាមួយក្បួនខ្សែរថយន្តដឹកឈើដែលមានច្បាប់ត្រឹមត្រូវ។
តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានផ្សាយនៅថ្ងៃនេះដោយដកស្រង់សំដឺមេព្រៃថា រថយន្តយីឌុបដឹកឈើពេញប្រៀបនេះ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ឃាត់បានកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា នៅលើផ្លូវជាតិនៅស្រុកស្នួល។
រថយន្តមួយគ្រឿងនេះ មានដឹកឈើសុទ្ធសឹងជាលេខ១ និងឈើអារលេខ២ប្រភេទ ឈើគ្រឿងមានបរិមាណមិនក្រោមពី៣០ម៉ែត្រគូប និងបានដាក់ជំនៀរឈើគ្រប់បិទជិតនៅពីលើ។ មិនតែប៉ុណ្ណោះ រថយន្តដឹកឈើល្មើសច្បាប់នេះ បានបើកបរក្នុងជួរក្បួនខ្សែរថយន្តដឹកឈើដែលមានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីបន្លំភ្នែកសមត្ថកិច្ច។
ប្រភពបន្តថា ជាមួយនិងការចាប់ឃាត់រថយន្តដឹកឈើល្មើសច្បាប់នេះ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរសជាអ្នកបើកបរម្នាក់ឈ្មោះ ខន ខេមរា អាយុ៣០ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។
ប្រភពបានរាយការណ៍បន្តថា រថយន្តដឹកឈើមួយគ្រឿងនេះជារបស់ លោកឧកញ៉ា សី នាយកក្រុមហ៊ុន ពេជ្យ ឫទ្ធិសី នៅខេត្តរតនគិរី។ ឧកញ៉ារូបនេះ ត្រូវបានគេស្គាល់ថាជាឧកញ៉ាវ័យក្មេងមួយរួបដែលកំពុងមានឈ្មោះល្បីរន្ទឺលើរបររកស៊ីឈើខុសច្បាប់ប្រចាំនៅខេត្តរតនគិរី។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មានរយន្តដឹកឈើជាច្រើនគ្រឿងបូករួមទាំង រថយន្តដែលបានចាប់ឃាត់ជារបស់ឧកញ៉ា សី នេះផង បានធ្វើសកម្មភាពដឹកឈើចេញពីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហង់អាញ់ លំផាត់ ខេត្តរតនគិរី នាំឆ្ពោះទៅលក់នៅដេប៉ូឈើ មួយចំនួននៅខេត្តតាកែវ។
ការដឹកជញ្ជូនកន្លងមក រថយន្តដឹកឈើរបស់លោកឧកញ៉ាវ័យក្មេងរូបនេះ បានប្រើរូបភាពដាក់ឈើជំនៀរពីលើឈើប្រណីត និងបានបើកបន្លំចូលខ្សែរក្បួនរថយន្តដឹកឈើរបស់ក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ។
ប្រភពព័ត៌មាន ពីស្រុកស្នួល បានឲ្យដឹងថា ក្រោយពីការចាប់ឃាត់រថយន្តដឹកឈើមួយគ្រឿងនេះភ្លាមៗ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្នួល។
សមត្ថកិច្ចស្រុកស្នួល នៅថ្ងៃទី២៥ ខែកញ្ញានេះ ស្ថិតក្រោមការសម្របសម្រួលពីសំណាក់លោកធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងខេត្ត បានធ្វើការរើទម្លាក់ឈើទាំងនេះចេញពីរថយន្តដើម្បីធ្វើការវាស់វែង។
ព្រះរាជអាជ្ញារងអមអមសាលាដំបូងខេត្តលោក ធុច បញ្ចៈសន្តិភាព បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ការដឹកញ្ជូនឈើរបស់រថយន្តដឹកឈើមួយគ្រឿងនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ហើយក្រោយពីការចាប់ឃាត់ទាំងរថយន្ត និងអ្នកបើកបររថយន្ត មេព្រៃបានរៀបចំែកសារដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សារ៉េត