ភ្នំពេញ៖ ជាការឆ្លើយតប លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៅថ្ងៃទី២៥ ខែកញ្ញា ម្សិលម៉ិញនេះ បានបដិសេធមិនអនុញ្ញាតឲ្យគ្រូពេទ្យប្រចាំអង្គការលីកាដូចូលព្យាបាលជំងឺលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់លោកមេធាវី ជូង ជូងី នោះទេ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគ្រួពេទ្យប្រចាំនៅអង្គការលីកាដូចូលព្យាបាលជំងឺលោក ហុង សុខហួរ នៅក្នុងពន្ធនាគារព្រៃសទេ ដោយអះអាងថា មិនមានឯកសារបញ្ជាក់ពីពន្ធនាគារ។
លោក ជូង ជូងឺ មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ បានធ្វើលិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យគ្រួពេទ្យអង្គការលីកាដូចូលទៅព្យាបាលកូនក្តីរបស់ខ្លួនដែលកំពុងមានជំងឺក្នុងពន្ធនាគារព្រៃស។
គួររំឭកថា លោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ត្រូវសាលាដំបូងរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និង ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
នៅថ្ងៃទី២៥ ខែកញ្ញា លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយតបដោយបដិសេធមិនអនុញ្ញាតឲ្យគ្រូពេទ្យចូលព្យាបាលតាមការស្នើសុំរបស់លោក ជូង ជូងីទេ។ លោក កោ វណ្ឌី បញ្ជាក់តាមលិខិតថា មូលហេតុដែលលោកមិនអនុញ្ញាតនេះ ដោយសារគ្មានរបាយការណ៍ពស្ថានភាពជំងឺពីខាងសមត្ថកិច្ចពន្ធនាគារ ហើយម្យ៉ាងទៀត នៅពន្ធនាគារមានសេវាថែទាំសុខភាពសម្រាប់ជនជាប់ចោទរួចហើយ ៕ដោយ៖ខេមរា