វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់​រត់គេចខ្លួន​បាត់ ប​ន្ចា​ប់​ពី​អ្នក​ជំ​ងឺ​ប្រកាច់​ស្លាប់​ ក្រោយ ពេលចាក់​ថ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2015 ក+ ក-

​កំពង់ធំ​៖​ស្ត្រី​ម្នាក់​បាន​ប្រកាច់​ស្លាប់ ខណៈ​វេជ្ជបណ្ឌិត​វ័យក្មេង​ជា​ម្ចាស់​គ្លីនិក​តាម​ភូមិ​ម្នាក់​យីហោ «​ហ៊រ ម៊ី​» បានចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​អស់​ជាង​មួយ​ប្លោក កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ នៅ​ជិត​ផ្សា​ស្ទោង ស្ថិត​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា វេជ្ជបណ្ឌិត​វ័យក្មេង​ជា​ម្ចាស់​គ្លីនិក​ខាងលើ​បាន​ជំរុញ​ឲ្យ​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ហើយ​ខ្លួន​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ បន្ទាប់ពី​ដឹងថា ការចាក់​ថ្នាំ​និង ចាក់​សេ​រ៉ួ​ម ដល់​ស្ត្រី​ជា​អ្នកជំងឺ​ម្នាក់​នោះ បណ្តាល​ឲ្យ​ប្រកាច់​ដាច់ខ្យល់​ស្លាប់ ។​

​មន្ត្រីនគរបាល​ស្រុក​ស្ទោង​បាន​បញ្ជាក់ថា វេជ្ជបណ្ឌិត​នោះ​ឈ្មោះ អាំង ពិ​ទូ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កើត​ហ​តុ​ខាងលើ មាន​ប្រពន្ធ​ជា​ឧស​ថ​ការី​ជា​អ្នកលក់​ថ្នាំពេទ្យ ហើយ​ប្តី​ជា​វេជ្ជបណ្ឌិត​បើក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។

​ប្រភព​ដដែល​បន្តថា ការបើក​គ្លីនិក​ព្យាបាល​ជំងឺ​ខាងលើនេះ ពុំមាន​ច្បាប់​ត្រឹមត្រូវ​ទេ​។ បើតាម​វិញ្ញាបនបត្រ​ដែល មេគង្គ​ប៉ុស្តិ៍ ទទួលបាន​គឺ វេជ្ជបណ្ឌិត​រូបនេះ ទើបតែ​បញ្ចប់​ការសិក្សា​ទទួល​វិញ្ញាបនបត្រ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៤​កន្លងទៅនេះ ហើយ​មិន​ស្ថិតក្នុង​ក្របខណ្ឌ​ជា​ពេទ្យ​រដ្ឋ​ឡើយ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ជុំ លាប អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រវាង ឃុំ​ប្រឡាយ ស្រុក​ស្ទោង​។​

​ប្រភព​បន្តថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​ធ្លាប់មាន​ជំងឺ​បេះដូង​រ៉ាំរ៉ៃ តាំងពី​យូរ​មកហើយ​នោះ ត្រូវបាន​សាច់ញាតិ​បាន​ដឹក​តាម​ម៉ូតូ​យកទៅ​គ្លីនិក​របស់លោក​វេជ្ជបណ្ឌិត​ខាងលើ​។ ពេលមកដល់ លោក​វេជ្ជបណ្ឌិត បាន​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម ២​ប្លោក ក៏​ស្រាប់តែ​ប្រកាច់ ត្រដរ​រកខ្យល់ ។​ឃើញ​ស្ថានភាព​បែប​មិន​ស្រួល លោក​វេជ្ជបណ្ឌិត​ជំរុញ​ឲ្យ​នាំ​ស្ត្រី​រងគ្រោះ​យកទៅ​កាន់​ពេទ្យ​បង្អែក​ស្រុក​ស្ទោង តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ ក្រោយពេល​ដឹងថា អ្នកជំងឺ​បាន​ស្លាប់ លោក​វេជ្ជបណ្ឌិត​វ័យក្មេង​រូបនេះ ក៏​បិទទ្វារ​គ្លីនិក​ហើយ​រត់​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង​។​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ នៅក្រោយពេល​កើតហេតុ​ថា ពួកគាត់​មិនទាន់​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​វិស័យ​សុខាភិបាល​សា​ធារ​ណៈ បើ​មិន​ដូច្នេះ​ទេ​ភាពអនាធិបតេយ្យ​ក្នុង​វិស័យនេះ ​នៅតែ​បន្ត​កើតមាន និង​លាតសន្ធឹង​ដល់ទី​ជនបទ ហើយ​ទីបំផុត​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ ប្រឈម​នឹង​ការរង​គ្រោះ​ដល់​អាយុជីវិត​ជា​បន្តបន្ទាប់​មិនខានឡើយ​៕​ដោយ​៖ខេមរា​

cgfdccc

dxdsdd

sewww