រុស្ស៊ី​រិះគន់​គោលនយោបាយ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​របស់​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​រុស្ស៊ី​៖​រុស្ស៊ី​ដែលជា​គូប្រជែង​មួយ​របស់​អាមេរិក​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​គោលនយោបាយ​អាមេរិក​ថា មិនបាន​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី​ឡើយ តែ​ផ្ទុយទៅវិញ​មានតែ​ដាក់បន្ទុក​លើ​ស៊ី​រី​ទៅវិញ​។ លោក​វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ដែល​នឹង​ជួប​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២៩​កញ្ញា​នេះ បាន​ចំអក​ដល់​អាមេរិក​ចំពោះ​ការគាំទ្រ​ដល់​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​បញ្ជាក់ថា​វា​ជា​រឿង​ខុសច្បាប់​ហើយ​គ្មាន​ប្រសិទ្ធភាព​។​
​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​បញ្ជាក់ថា មិនមែន​ក្រុម​ឧទ្ទាម​ជា​អ្នក​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ទេ ប៉ុន្ដែ​រដ្ឋាភិបាល​ស៊ី​រី​ក៏​គួរតែ​រួមបញ្ចូល​ជាមួយ​ការគាំទ្រ​របស់ អន្ដរជាតិ ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែរ​។ លោកពូ​ទីន​សង្កត់ធ្ងន់ថា អាមេរិក​ចង់​ហ្វឹកហាត់​ដល់​កងទ័ព​ក្រុម​ឧទ្ទាម​រាប់ពាន់នាក់ ប៉ុន្ដែ​មានតែ​៦០​នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ហើយ​មានតែ​ប្រមាណ​៤​ទៅ​៥​នាក់​គត់​ដែល​បាន​កាន់​អាវុធ​ប្រយុទ្ធ​។​
​គួររម្លឹកថា អាមេរិក​បាន​អះអាងថា ខ្លួន​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​បញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ជាពិសេស​គឺ​បញ្ឈប់​សកម្មភាព​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​ការប្ដេជ្ញា​របស់​អាមេរិក​ហាក់​ទទួលបាន​លទ្ធផល​តិចតួច ធ្វើ​ឲ្យ​ប្រទេស​ជា​គូប្រជែង​មិន​សប្បាយ​ចិ​ត្ដ ហើយ​បាន​បន្ទោស​អាមេរិក​ថែមទៀត ថា​គ្មាន​សមត្ថភាព​បញ្ចប់សង្គ្រាម​នៅ​ស៊ី​រី​បាន​។​
​គួរ​បញ្ជាក់ថា កន្លងមក​អាមេរិក​បាន​សហការ​និង​បង្កើតជា​ក្រុមចម្រុះ​អន្ដរជាតិ​មួយ​ក្រោម ការចូលរួម​ពី​ប្រទេស​ជាច្រើន​ដូចជា​អង់គ្លេស អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម ហ្ស៊​កដា​នី ហ្គា​តា បា​រ៉ែ​ន អ៊ីរ៉ាក់ តួ​ក​គី​ជាដើម ដោយ​ខ្លះ​បាន​គាំទ្រ​ការវាយប្រហារ​តាម​ជើង​អាកាស ហើយ​ខ្លះ​បានផ្ដល់​ជំនួយ​ផ្នែក​សម្ភារៈ​យោធា​។ សកម្មភាព​វាយប្រហារ​តាម​ជើង​អាកាស​ក៏​ធ្វើ​ឡើងជា​បន្ដបន្ទាប់ ប៉ុន្ដែ​នៅ​មិនអាច​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​បានឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ថមថយ​កម្លាំង​បន្ដិច​ប៉ុណ្ណោះ​៕

77e13e51-e0a9-48bf-8cc4-c1715adbefca